(យូអិន)៖​ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ បានបោះឆ្នោតអនុម័តសេចក្ដីព្រាងនៃដំណោះស្រាយមួយរបស់សហរដ្ឋអាមេរិក ដែលបានប្រកាន់យកជំហរអព្យាក្រឹតចំពោះសង្រ្គាម អ៊ុយក្រែន នាឱកាសខួបគម្រប់៣ឆ្នាំ នៃសង្រ្គាមដែលកើតចេញពីការឈ្លានពានរបស់រុស្ស៉ី ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងព្យាយាមធ្វើជាអ្នកសម្របសម្រួលស្វែងរកសន្តិភាព។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណោះស្រាយដ៏ខ្លីមួយខាងលើ បានឆ្លុះបញ្ចាំងពីការបិទបញ្ចប់ទាំងស្រុងនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះសង្រ្គាមអ៊ុយក្រែន ចាប់តាំងពីលោក ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីជាងមួយខែ មកនេះ និងជំហរផ្សះផ្សារជាមួយរុស្ស៉ី។ នេះគឺផ្ទុយពីរដ្ឋបាលរបស់លោក ចូ បៃដិន ដែលបានដឹកនាំកិច្ចប្រឹងប្រែងនៅឯអង្គការសហប្រជាជាតិដើម្បីកៀរគរការគំាទ្រសម្រាប់អ៊ុយក្រែន។

ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក Vassily Nebenzia ក៏បានទទួលស្គាល់ដែរថាវាជាការផ្លាស់ប្ដូរប្រកបដោយលក្ខណៈស្ថាបនានៅក្នុងគោលជំហររបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន។ លោកបានប្រាប់ ក្រុមប្រឹក្សាសន្តិសុខទៀតថាដំណោះស្រាយរបស់សហរដ្ឋអាមេរិកនៅពេលនេះ គឺជាចំណុចចាប់ផ្ដើមសម្រាប់អនាគតនៃកិច្ចប្រឹងប្រែងឆ្ពោះទៅរកការផ្សះផ្សារដោយសន្តិវិធី។

គួរបញ្ជាក់ថា នៅក្នុងដំណោះស្រាយរបស់សហរដ្ឋអាមេរិក បានសម្ដែងមរណទុក្ខចំពោះការបាត់បង់អាយុជីវិតមនុស្សក្នុងសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន ជាមួយការគូសបញ្ជាក់ឡើងវិញពីគោលការណ៍របស់ UN ក្នុងការ ថែរក្សាសន្តិភាពអន្តរជាតិ សន្តិសុខ និងការផ្សះផ្សារជម្លោះដោយសន្តិវិធី ព្រមទាំងជំរុញឱ្យមានការបិទបញ្ចប់ជម្លោះឱ្យបានឆាប់រហ័ស និងសន្តិភាពយូរអង្វែង។ ដំណោះស្រាយនេះត្រូវបានបោះឆ្នោតអនុម័តដោយ ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក១៥ប្រទេស ក្នុងសំឡេងគាំទ្រ១០សំឡេង ខណៈបារាំង ចក្រភពអង់គ្លេស ដាណឺម៉ាក ក្រិក និងស្លូវ៉េនី អនុបវាទ។ រុស្ស៉ីវិញបានបោះឆ្នោតគាំទ្រដំណោះស្រាយរបស់អាមេរិក ក្រោយ វេតូប្រឆាំងការប៉ុនប៉ងរបស់អឺរ៉ុបដែលចង់បន្ថែមពាក្យពេចន៍គាំទ្រអ៊ុយក្រែន៕