(ឡុងដ៍)៖ ចក្រភពអង់គ្លេស បានប្រកាសពីកញ្ចប់ទណ្ឌកម្មថ្មីដ៏ធំមួយ ប្រឆាំងនឹងរុស្ស៊ី កាលពីថ្ងៃចន្ទ ដោយកំណត់គោលដៅលើបុគ្គលនិងក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធ នឹងការផ្គត់ផ្គង់ដល់យោធារុស្ស៊ី។ កញ្ចប់ទណ្ឌកម្មនេះ ធ្វើឡើងចំខួបលើកទីបី នៃការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ទណ្ឌកម្មថ្មីនេះ បានកំណត់គោលដៅលើរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើងលោក No Kwang Chol ជុំវិញការដាក់ពង្រាយកងកម្លាំងកូរ៉េខាងជើង នៅក្នុងប្រទេសរុស្ស៊ី, ធនាគារ Keremet ដែលមានមូលដ្ឋាននៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ព្រមទាំងក្រុមហ៊ុនផលិតនិងអ្នកផ្គត់ផ្គង់ឧបករណ៍ម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងទំនិញប្រើប្រាស់ពីរមុខងារដែលអាចប្រើក្នុងប្រព័ន្ធអាវុធជាច្រើន។ ក្រុមហ៊ុនទាំងនេះ មានមូលដ្ឋាននៅក្នុងប្រទេសទីបីមួយចំនួន រួមមានរដ្ឋអាស៊ីកណ្តាល តួកគី ថៃ ឥណ្ឌា និងចិន។ ចំណែកមហាសេដ្ឋីពាណិជ្ជកររុស្ស៊ី លោក Roman Trotsenko ក៏ស្ថិតក្នុងបញ្ជីឈ្មោះផងដែរ។
បន្ថែមពីលើនេះ ចក្រភពអង់គ្លេសក៏បានដាក់ទណ្ឌកម្មលើនាវាចំនួន ៤០ គ្រឿងដែលត្រូវបានចោទប្រកាន់ថា បានជួយរុស្ស៊ីគេចពីទណ្ឌកម្ម តាមរយៈការដឹកជញ្ជូនប្រេងផងដែរ។
ពាក់ព័ន្ធនឹងកញ្ចប់ទណ្ឌកម្មថ្មីនេះដែរ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានថ្លែងថា «រាល់ខ្សែផ្គត់ផ្គង់យោធាត្រូវបានរំខាន រាល់រូប្លត្រូវបានរារាំង ហើយរាល់ការធ្វើឱ្យមានការឈ្លានពានរបស់លោក ពូទីន ត្រូវបានលាតត្រដាង គឺជាជំហានឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវនិងយូរអង្វែង»៕