(វ៉ាស៊ីនតោន)៖ ភ្លាមៗ ក្រោយការស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ លោក Steve Bannon ជាអតីតទីប្រឹក្សាយុទ្ធសាស្ត្ររបស់លោក ត្រាំ បានធ្វើការព្រមានមួយនៅក្នុងកាសែតអាមេរិក Politico ថា «អ៊ុយក្រែនអាចនឹងក្លាយជាវៀតណាមរបស់លោក ត្រាំ»។ លោក Bannon បានអះអាងថាកំហុសរបស់លោក ត្រាំ អាចជាការដោះដៃចេញពីអ៊ុយក្រែន ដោយបន្សល់ទុកការឈឺចាប់។ ក្នុងន័យនេះ លោក Bannon ចង់សំដៅទៅលើរបៀបដែលអតីតប្រធានាធិបតី លោក Richard Nixon បានបង្កឱ្យមានការឈឺចាប់ អំឡុងព្យាយាមដកអាមេរិកចេញពីសង្រ្គាមវៀតណាម។ លោក Nixon បានប្រែក្លាយសង្រ្គាមវៀតណាម ដែលដំបូងឡើយជាសង្រ្គាមរបស់លោកអតីតប្រធានាធិបតី Lyndon Johnson នៃគណបក្សប្រជាធិបតេយ្យ ទៅជាសង្រ្គាមរបស់លោកផ្ទាល់។
តែការពិតគឺខុសគ្នាស្រឡះ។ លោក ត្រាំ បានលើកឡើងជារឿយៗកាលពីអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថាលោកគឺជាមនុស្សម្នាក់ដែលនឹងចរចាស្វែងរកកិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់ការកាប់សម្លាប់គ្នា ក្នុងប្រទេសអ៊ុយក្រែន។ ប្រសិនបើលោក ត្រាំ សម្រេចបានកិច្ចព្រមព្រៀងមួយដែលនៅតែអនុញ្ញាតឱ្យរុស្ស៉ីបើកការឈ្លានពានសាជាថ្មីលើអ៊ុយក្រែន នោះវានឹងធ្វើឱ្យខូចទាំងស្រុងដល់មរតកនយោបាយរបស់លោក។ រដ្ឋបាលលោក ត្រាំ បានបញ្ជូនសារខុសៗគ្នាពាក់ព័ន្ធនឹងសន្តិភាពនៅអ៊ុយក្រែន។ ក្នុងនោះអនុប្រធានាធិបតីអាមេរិក លោក JD Vance បានផ្លាស់ប្ដូរការយល់ឃើញផ្ទុយទៅនឹងការអត្ថាធិប្បាយរបស់ រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ដែលថាអ៊ុយក្រែនមិនអាចក្លាយជាសមាជិក NATO ហើយក៏មិនអាចទាមទារយកទឹកដីនៅមុនឆ្នាំ២០១៤ មកវិញនោះដែរ។
ចំណែកឯ បេសកជនពិសេសរបស់លោក ត្រាំ សម្រាប់សង្រ្គាមអ៊ុយក្រែន គឺលោក Keith Kellogg បាននិយាយថាអ៊ុយក្រែននឹងមានកៅអីអង្គុយនៅតុចរចា រីឯអឺរ៉ុបទេដែលនឹងគ្មានកៅអីអង្គុយ។ ប៉ុន្តែ អ៊ុយក្រែន ត្រូវបានផាត់ចេញពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៉ី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ខណៈលោក ត្រាំ អាចកំពុងពិចារណាលើជម្រើសរបស់លោក ក្រុមអ្នកវិភាគខ្លះបានសិក្សាឡើងវិញពី កិច្ចសន្ទនាមួយរវាងអតីតប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ និងរដ្ឋមន្ត្រីការបរទេសរបស់លោក។ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ១៩៧២ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger បានប្រាប់លោក Nixon ថារូបលោកយល់ថាមានឱកាស ៥០/៥០ ដើម្បីអាចសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយវៀតណាមខាងជើង។ កាលពីមុន និងឥលូវ ការធានាសន្តិសុខគឺជារឿងដ៏សំខាន់បំផុត។ អំឡុងសម័យសង្រ្គាម វៀតណាម មានការបារម្ភជាច្រើនថានៅពេលសហរដ្ឋអាមេរិកដកកងទ័ពចេញ វៀតណាមខាងជើងនឹងចាប់ផ្ដើមសង្រ្គាមឡើងវិញភ្លាមៗ។
នៅក្នុងកិច្ចសន្ទនានោះ លោក Nixon បានសួរលោក Kissinger ថាតើនឹងមានអ្វីកើតឡើង ប្រសិនបើទីក្រុងហាណូយរង់ចាំមួយរយៈពេលសិន មុននឹងលេបយកវៀតណាមខាងត្បូង? លោក Kissinger បានឆ្លើយថា «ប្រសិនបើចាប់ពីពេលនេះទៅ មួយឆ្នាំ ឬពីរឆ្នាំ វៀតណាមខាងជើងលេបយកវៀតណាមខាងត្បូង នោះគឺយើងអាចនឹងមានគោលនយោបាយការបរទេសមួយដែលអាចទៅរួច ក្នុងករណីដែលរឿងទាំងអស់ត្រូវបានគេ ជឿថាគឺមកពីវៀតណាមខាងត្បូងខ្លួនឯងគ្មានសមត្ថភាព»។ មួយសន្ទុះក្រោយមក លោក Kissinger បានបញ្ជាក់បន្ថែមថា «ដូច្នេះយើងត្រូវតែរករូបមន្តណាមួយដែលអាចទប់ទល់ស្ថានការណ៍ឱ្យបានមួយឆ្នាំ ឬ២ឆ្នាំ ក្រោយការដកទ័ពចេញ ហើយបន្ទាប់ពីនោះ លោកប្រធានាធិបតី វៀតណាមនឹងក្លាយជាប្រធានបទដែលគេលែងខ្វល់ខ្វាយ។ មានន័យថាប្រសិនបើយើងដកទ័ពនៅក្នុងខែតុលា ឆ្នាំ១៩៧២ ទម្រាំដល់ខែមករា ឆ្នាំ១៩៧៤ នោះគ្មាននរណាម្នាក់យកចិត្តទុកដាក់ទៀតនោះទេ»។ ការសន្ទនានេះអាចយកមកធ្វើជាមូលដ្ឋានក្នុងការសន្មត់ថាលោក Nixon និងលោក Kissinger បានជឿជាក់ថា រដ្ឋាភិបាលវៀតណាមខាងត្បូង មិនអាចរស់រានមានជីវិតឡើយ ក្រោយអាមេរិកដកទ័ពចេញ។ ដូច្នេះអ្វីដែលលោក Nixon និងលោក Kissinger យកចិត្តទុកដាក់ គឺ «រកពេលវេលាសមរម្យមួយ» នៅចន្លោះរវាងការដកកងទ័ពអាមេរិក និងការដួលរលំរបស់វៀតណាមខាងត្បូង។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៣ ពោលគឺមិនដល់៦ខែស្រួលបួលផងបន្ទាប់ពីកិច្ចសន្ទនារវាងលោក Nixon និងលោក Kissinger។ នេះជាកិច្ចព្រមព្រៀង មួយសង្កត់កប្រធានាធិបតីវៀតណាមខាងត្បូង លោក Nguyen Van Thieu។ តែទោះជាបែបនេះក្ដី មេដឹកនាំវៀតណាមខាងត្បូងរូបនេះនៅតែជម្នះតស៊ូប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ ពីព្រោះលោកយល់ថាវាជា កិច្ចព្រមព្រៀងមួយដែលនឹងអនុញ្ញាតឱ្យកងទ័ពវៀតណាមខាងជើងបន្តមានវត្តមាននៅលើទឹកដីវៀតណាមខាងត្បូង មិនខុសអ្វីនឹងសព្វថ្ងៃដែលកងទ័ពរុស្ស៉ីនឹងបន្តមានវត្តមាននៅលើទឹកដីអ៊ុយក្រែន ក្រោមក្របខណ្ឌ នៃកិច្ចព្រមព្រៀងណាមួយ។ នៅខែតុលា ឆ្នាំ១៩៧៣ ៩ខែក្រោយការស៊ីញេលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក Kissinger និងមេដឹកនាំវៀតណាមខាងជើង លោក Le Duc Tho បានចាប់ដៃគ្នាទទួល ពានរង្វាន់ណូបែលសន្តិភាព។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ រថក្រោះកងទ័ពវៀតណាមខាងជើងបានវាយសម្រុកចូលរដ្ឋធានី Saigon ហើយវៀតណាមខាងត្បូងក៏លែងមានទៀតដែរ។
ជាការពិតណាស់ វាមានភាពខុសគ្នារវាងវៀតណាម និងអ៊ុយក្រែន នោះគឺគ្មានកងទ័ពអាមេរិកណាម្នាក់កំពុងប្រយុទ្ធនៅអ៊ុយក្រែនទេ។ ហើយរឿងមួយទៀត គឺការតាំងចិត្តរបស់អ៊ុយក្រែន។ នៅពេលលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីបើករថក្រោះចូលឈ្លានពានអ៊ុយក្រែន អ្នកវិភាគខ្លះជឿថាទីក្រុងកៀវនឹងដួលរលំត្រឹមពេល១០ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែ អ៊ុយក្រែនបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ដោយអាចតតាំងជាមួយរុស្ស៉ី មកទល់ សព្វថ្ងៃ។ ដូច្នេះវាពិតជាពិបាកនឹងជឿណាស់ថាអ៊ុយក្រែនអាចនឹងទម្លាក់អាវុធចុះចាញ់ បើកិច្ចព្រមព្រៀងសន្តិភាពរបស់លោក ត្រាំ ជារឿងមិនអាចទទួលយកបាន។ កិច្ចព្រមព្រៀងសន្តិភាពមិនមែនជារឿងអាក្រក់ទេ តែបញ្ហាគឺនៅត្រង់ភាពគួរឱ្យទុកចិត្តបានលើការធានាសន្តិសុខ។ អ៊ុយក្រែនក៏ធ្លាប់បានចុះកិច្ចព្រមព្រៀងជាមួយរុស្ស៉ីផងដែរ។ ក្នុងនោះរួមមានកិច្ចព្រមព្រៀងទីក្រុង Minsk កាលពីឆ្នាំ២០១៥ ដែលត្រូវបានគេសន្មត់ថា នឹងស្ដារសន្តិភាពឡើងវិញ។ ប៉ុន្តែបែរជាមិនអាចបង្កផលវិបាកធ្ងន់ធ្ងរចំពោះការឈ្លានពានរបស់រុស្ស៉ីទៅវិញ។ បន្ថែមពីលើនេះ នៅក្រោមអនុស្សារណយោគយល់ Budapest ឆ្នាំ១៩៩៤ អ៊ុយក្រែនបានយល់ព្រម បោះបង់ចោល និងប្រគល់អាវុធនុយក្លេអ៊ែរសល់ពីសូវៀតទៅឱ្យរុស្ស៉ី។ ឥលូវ សូម្បីតែអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ក៏ទទួលស្គាល់ដែរថារុស្ស៉ីប្រហែលជានឹងមិនឈ្លានពានអ៊ុយក្រែនទេ ប្រើទីក្រុង កៀវរក្សាទុកអាវុធនុយក្លេអ៊ែរទាំងនោះ។ សម្រាប់អ្នកគាំទ្រលោក ត្រាំ ប្រធានាធិបតីអាមេរិករូបនេះនឹងធ្វើការចរចាស្វែងរកកិច្ចព្រមព្រៀងដ៏រឹងមាំមួយដែលអាចការពារ «ភាពចម្រុងចម្រើន និងអធិបតេយ្យរបស់ អ៊ុយក្រែន»។
ប៉ុន្តែ វានៅតែមានភាពប្រទាក់ក្រឡាគ្នារវាងកិច្ចចរចាអាមេរិក-រុស្ស៉ី ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៨ ខែកុម្ភៈ ដែលផាត់លោក ហ្សេលេនស្គីចេញ និងកិច្ចចរចាជាសម្ងាត់រវាងសហរដ្ឋអាមេរិក និងវៀតណាមខាងជើង ដែលធ្វើឡើងនៅពីក្រោយខ្នងលោក Nguyen Van Thieu។ យ៉ាងណាក៏ដោយ លោក ត្រាំ អាចនឹងត្រូវចងចាំរឿងមួយ នោះគឺប្រសិនបើនៅទីបញ្ចប់ទៅកិច្ចព្រមព្រៀងសន្តិភាពនៅតែ បង្កឱ្យមានមហន្តរាយ នោះច្បាស់ណាស់លោកតែម្នាក់គត់ដែលនឹងក្លាយជាអ្នកទទួលខុសត្រូវ៕