Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយក្រែន-អាមេរិក ឈានដល់ដំណាក់កាលចុងក្រោយ នៃកិច្ចព្រមព្រៀងរ៉ែ, លោក Zelenskiy ទទូចឱ្យមានការធានាសន្តិសុខច្បាស់លាស់ (Video inside)

24-02-2025 19:16

(កៀវ)៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន នៅថ្ងៃចន្ទនេះបានឱ្យដឹងថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក ស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការចរចាលើកិច្ចព្រមព្រៀងរ៉ែ ដែលត្រូវបានគេមើលឃើញថា ជាចំណុចស្នូលក្នុងការបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំ របស់រុស្ស៊ីនៅអ៊ុយក្រែន នេះបើតាមការរាយការណ៍របស់ Reuters។

ទោះបីជាមានចំណាប់អារម្មណ៍រួម ក្នុងការផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិកចូលទាញយកទ្រព្យសម្បត្តិរ៉ែ នៅក្រោមដីរបស់អ៊ុយក្រែនក៏ដោយ ក៏ប្រធានាធិបតី Volodymyr Zelenskiy បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងណាមួយត្រូវតែភ្ជាប់មកជាមួយនូវការធានាសន្តិសុខជាក់ស្តែង។

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Olha Stefanishyna បានសរសេរនៅលើបណ្តាញសង្គម X ថា «ក្រុមការងារអ៊ុយក្រែននិងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការចរចាទាក់ទងនឹងកិច្ចព្រមព្រៀងរ៉ែ។ ការចរចាមានលក្ខណៈស្ថាបនា ដោយមានព័ត៌មានលម្អិតសំខាន់ៗស្ទើរតែទាំងអស់បានបញ្ចប់»

លោកស្រីបានបង្ហាញក្តីសង្ឃឹមថា «មេដឹកនាំសហរដ្ឋអាមេរិក និងអ៊ុយក្រែននឹងចុះហត្ថលេខា និងគាំទ្រកិច្ចព្រមព្រៀងនេះ នៅទីក្រុងវ៉ាស៊ីនតោន ក្នុងពេលឆាប់ៗខាងមុខ ដោយនេះនឹងបង្ហាញពីការប្តេជ្ញាចិត្តរួម សម្រាប់រយៈពេលមួយទសវត្សរ៍ទៅមុខទៀត»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថាអ៊ុយក្រែនគួរតែផ្តល់ប្រាក់សំណងចំនួន ៥០០ ពាន់លានដុល្លារអាមេរិក ជាវត្ថុធាតុដើមសំខាន់ៗ ជាការសងត្រឡប់សម្រាប់ជំនួយ ដែលទីក្រុងកៀវបានទទួលរួចហើយពីរដ្ឋបាលរបស់លោក Joe Biden ពីមុន។

ទោះជាយ៉ាងណា លោក Zelenskiy មិនទទួលស្គាល់ជំនួយពីមុនរបស់សហរដ្ឋអាមេរិក ថាជាប្រាក់កម្ចីនោះទេ ហើយថាទីក្រុងវ៉ាស៊ីនតោន បានផ្គត់ផ្គង់ប្រទេសរបស់លោកនូវអាវុធ ក្នុងទឹកប្រាក់ ៦៧ ពាន់លានដុល្លារ និងជំនួយថវិកាផ្ទាល់ចំនួន ៣១.៥ ពាន់លានដុល្លារ គឺមិនមែន ៥០០ ពាន់លានដុល្លារ ដូចលោកប្រធានាធិបតី ដូណាល់ ត្រាំ ថានោះឡើយ៕