(កៀវ)៖ មេដឹកនាំអឺរ៉ុបជាច្រើនរូប ព្រមទាំងនាយករដ្ឋមន្រ្តីកាណាដា នាថ្ងៃចន្ទនេះ បាននាំគ្នាធ្វើដំណើរមកដល់ទីក្រុងកៀវ ដើម្បីបង្ហាញការបន្តគាំទ្រដល់អ៊ុយក្រែន នាឱកាសគម្រប់ខួប៣ឆ្នាំគត់ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

មេដឹកនាំអឺរ៉ុបទាំងនោះ រួមមានដូចជា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ព្រមទាំងមេដឹកនាំមកពីអេស៉្បាញ ឡេតូនី លីទុយអានី អេស្តូនី អ៉ីស្លង់ ហ្វាំងឡង់ ដាណឺម៉ាក ន័រវែស និងស៊ុយអែត ជាដើម។ មេដឹកនាំសរុប១៣រូប ត្រូវបានរំពឹងថា នឹងមានវត្តមានផ្ទាល់ ក្នុងកិច្ចពិភាក្សាមួយ នៅទីក្រុងកៀវ ដែលនឹងផ្តោតលើយុទ្ធសាស្រ្តរបស់អ៊ុយក្រែន ពាក់ព័ន្ធលទ្ធភាពចរចាបញ្ចប់សង្រ្គាម និងការធានាសន្តិសុខ។ មេដឹកនាំ២៤រូបផ្សេងទៀត ត្រូវបានរំពឹងថា នឹងចូលរួមតាមអនឡាញ។

ការបង្ហាញការគាំទ្រខាងលើរបស់អឺរ៉ុប គឺស្របពេលដែលអ៊ុយក្រែន កំពុងជួបភាពមិនច្បាស់លាស់ថា តើខ្លួននៅអាចពឹងផ្អែកលើសហរដ្ឋអាមេរិក ដែលធ្លាប់ជាសម្ព័ន្ធមិត្តដ៏រឹងមាំ តទៀតឬក៏យ៉ាងណា ចាប់តាំងតែពីលោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិក។

គួរបញ្ជាក់ថា នាឱកាសគម្រប់ខួបនៃសង្រ្គាម សហភាពអឺរ៉ុប ក៏បានអនុម័តកញ្ចប់ទណ្ឌកម្មទី១៦របស់ខ្លួន ប្រឆាំងនឹងរុស្ស៉ីផងដែរ សម្រាប់ការឈ្លានពានលើអ៊ុយក្រែន។ ប្រជាជនស៉ីវិលអ៊ុយក្រែនខ្ទង់ម៉ឺននាក់ បានបាត់បង់ជីវិត និងជាង៦លាននាក់ កំពុងត្រូវរស់នៅ​ក្នុងនាមជាជនភៀសខ្លួន នៅក្រៅប្រទេស ចាប់តាំងពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាការចាប់ផ្តើមនៃសង្រ្គាមដ៏បង្ហូរឈាមបំផុតមួយ នៅតំបន់អឺរ៉ុប គិតតាំងពីសង្រ្គាមលោកលើកទី២។