(មូស្គូ)៖ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ លោក Sergei Shoigu និងជាមនុស្សជំនិតរបស់ប្រធានាធិបតីរុស្ស៉ី បានផ្តើមបំពេញទស្សនកិច្ចការងារទៅកាន់ឥណ្ឌូណេស៉ី និងម៉ាឡេស៉ី នាថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ និងការពារជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរុស្ស៉ី RIA ដោយផ្អែកលើប្រភពពីការិយាល័យក្រុមប្រឹក្សាសន្តិសុខ ទស្សនកិច្ចនេះនឹងបន្តរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ។ អំឡុងពេលនោះ នឹងមានកិច្ចពិភាក្សាជុំវិញទំនាក់ទំនងទ្វេរភាគី រួមបញ្ចូលនូវបញ្ហាសន្តិសុខ និងការពារជាតិ ក៏ដូចជាការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗទៀត។
គួរបញ្ជាក់ថា គិតចាប់តាំងពីការឈ្លានពានអ៊ុយក្រែន នៅខែកុម្ភៈ ឆ្នាំ ២០២២ រុស្ស៉ីបានរងទណ្ឌកម្មខ្លាំងក្លា ពីសំណាក់ប្រទេសលោកខាងលិច ជាហេតុនាំឱ្យលោក ពូទីន ងាកមកស្វែងរកផលប្រយោជន៍នៅអាស៉ី និងលើកកម្ពស់ទំនាក់ទំនងជាមួយតំបន់នេះ។
ឥណ្ឌូណេស៉ី កាលពីខែតុលា ឆ្នាំមុន បានស្នើសុំចូលរួមក្នុងក្រុមប្រទេស BRICS ដែលរុស្ស៉ីជាសមាជិក បានជំរុញការទប់ស្កាត់ឥទ្ធិពលលោកខាងលិច។ ចំណែក ម៉ាឡេស៉ី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី លោក Anwar Ibrahim ក៏បានទៅកាន់រុស្ស៉ី កាលពីខែកញ្ញា ឆ្នាំ ២០២៤ និងបានថ្លែងសុន្ទរកថារួមគ្នា ជាមួយលោក ពូទីន ផងដែរ៕