(West Bank)៖ អ៉ីស្រាអែល បានបញ្ជូនរថក្រោះចូលក្នុងតំបន់ West Bank ជាលើកដំបូងក្នុងរយៈពេលជាង ២០ឆ្នាំ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ហើយបញ្ជាឱ្យយោធាបន្តស្ថិតនៅទីនោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅឯជំរំជនភៀសខ្លួននានា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥។
ជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ក្នុងរយៈពេលមួយខែកន្លងមកនេះ ខណៈដែលយោធាអ៉ីស្រាអែល ចូលមកកាន់ជំរំជនភៀសខ្លួន ដូចជានៅក្នុងទីក្រុង Jenin និង Tulkarm ដើម្បីបង្ក្រាបក្រុមគាំទ្រដោយអ៉ីរ៉ង់ រួមទាំងហាម៉ាស់ និងក្រុម Islamic Jihad ។ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បាននិយាយថា ជនជាតិប៉ាឡេស្ទីនប្រហែល ៤០ ០០០នាក់ បានចាកចេញពីជំរំ ដែលឥលូវនេះគ្មាននៅសល់ទៀតទេ។
យោធានិយាយថា ខ្លួនបានចាប់ក្រុមសកម្មប្រយុទ្ធ ២៦នាក់ និងរឹបអូសបានកាំភ្លើងចំនួន ៣ដើម រួមទាំងអាវុធមួយចំនួន ខណៈកំពុងបន្តប្រតិបត្តិការនៅជំរំជនភៀសខ្លួន Jenin, Tulkarm និង Nur Shams ហើយកំពុងពង្រីកទៅកាន់ជំរំ Nablus, Qabatiya និង Deir Qaddis នៅភាគខាងត្បូងតំបន់ West Bank។ កងទ័ពអ៉ីស្រាអែលបានរុះរើផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយរថក្រោះប្រយុទ្ធ កំពុងឆ្ពោះមកកាន់ក្នុងទីក្រុង Jenin។
លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានបញ្ជាឱ្យយោធាបង្កើនប្រតិបត្តិការ បន្ទាប់ពីមានករណីផ្ទុះជាបន្តបន្ទាប់លើរថយន្តក្រុង ក្បែរទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់លោក Mahmoud Abbas មេដឹកនាំប៉ាឡេស្ទីន បានថ្កោលទោស ការដាក់ពង្រាយរថក្រោះ នៅភាគខាងជើងតំបន់ West Bank នេះថាជាសកម្មភាពបង្កហេតុដ៏គ្រោះថ្នាក់ ដែលមិនអាចអត់ធ្មត់បាន។
គួរបញ្ជាក់ថា ជំរំនៅក្នុងតំបន់ West Bank គឺជាលំនៅដ្ឋានតជំនាន់របស់ជនជាតិប៉ាឡេស្ទីន ដែលបានភៀសខ្លួន ឬត្រូវបណ្តេញចេញពីផ្ទះ ក្នុងសង្រ្គាមឆ្នាំ ១៩៤៨ នៅពេលដែលអ៉ីស្រាអែលបង្កើតបានជាប្រទេសមួយ និងជាទីតាំងដ៏រឹងមាំ នៃក្រុមសកម្មប្រយុទ្ធ អស់ជាច្រើនទសវត្សរ៍មកហើយ៕