(គូឡាឡាំពួរ)៖ បុគ្គលិកក្រុមហ៊ុនផ្លូវដែកចិន China Rail Ground បានលើកឡើងថាស្ថានីយ៍រថភ្លើងក្រោមដី នៅទីក្រុងគូឡាឡាំពួរដែលតភ្ជាប់ពីម៉ាឡេស៊ីទៅកាន់សិង្ហបុរី នឹងក្លាយទីតាំងសម្រាប់អភិវឌ្ឍន៍ទីក្រុងក្រោមដី ដ៏ធំជាងគេលើពិភពលោក ហើយវានឹងក្លាយទៅជា «ត្បូងដ៏ត្រចះត្រចង់» សម្រាប់គំរោងប្រកបដោយមហិច្ឆតា នៃការតភ្ជាប់បណ្តាញផ្លូវដែកចិន-អាស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយនិងសារព័ត៌មាន Channel News Asia ក្រុមហ៊ុន China Rail Grounp ដែលកំពុងអភិវឌ្ឍន៍គំរោង «Bandar Malaysia» បានឲ្យដឹងទៀតថាទីក្រុងក្រោមដីនាពេលអនាគតនេះ រួមមានផ្សារទំនើប ប្រឡាយទឹកដ៏ស្រស់ស្អាត សួនកម្សាន្ត ភូមិវប្បធម៌ សួនច្បារ គ្រឹះស្ថានហិរញ្ញវត្ថុ ហើយនិងទីស្នាក់ការប្រចាំតំបន់ដែលមានតម្លៃ ២ពាន់លានដុល្លាររបស់ក្រុមហ៊ុនChina Railway Group។
លោក Cai Zemin នាយកគ្រប់គ្រងទូទៅរបស់សហគ្រាសខាងលើប្រចាំនៅប្រទេសម៉ាឡេស៊ី បាននិយាយថា «Bandar Malaysia នឹងក្លាយជាត្បូងដ៏ត្រចះត្រចង់មួយគ្រាប់នៅលើកំរាលផ្លូវដែករបស់ប្រទេសចិន ដែលនឹងតភ្ជាប់អាស៊ីអាគ្នេយ៍ជាមួយអាស៊ីខាងកើត, អាស៊ិខាងលិច, និងអាស៊ីខាងត្បូង»។
គួរបញ្ជាក់ដែរថា Bandar Malaysia ដែលនឹងក្លាយជាមជ្ឈមណ្ឌលគមនាគមន៍ចម្រុះថ្មីរបស់រដ្ឋធានី គូឡាឡាំពួរ នោះត្រូវបានគេរំពឹងថានឹងត្រូវសាងសង់ចប់រួចរាល់នៅក្នុងរយៈពេល២០ឆ្នាំខាងមុខ៕