លោក ហ្សេលេនស្គី កោតស្ញប់ស្ញែងវីរភាពដ៏អង់អាចរបស់ប្រជាជនអ៊ុយក្រែន នាឱកាសខួប៣ឆ្នាំ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី (Video inside)
24-02-2025 14:28
(កៀវ)៖ នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងប្រាប់ប្រជាជននៃប្រទេសរបស់លោកថា រូបលោកមានមោទនភាពជាខ្លាំង ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ពួកគេ ក្នុងការប្រយុទ្ធតតាំង និងការតស៊ូរស់នៅក្នុងសង្រ្គាម ដែលរុស្ស៉ីបានចាប់ផ្តើម កាលពី៣ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
តាមរយៈការបង្ហោះសារមួយ ដែលភ្ជាប់ជាមួយវីដេអូបង្ហាញពី ទិដ្ឋភាពជីវិតរបស់ប្រជាជនអ៊ុយក្រែនទូទៅ និងកងទ័ពនៅសមរភូមិមុខ អំឡុងសង្រ្គាម លោក ហ្សេលេនស្គី បានសរសេរយ៉ាងដូច្នេះថា «រយៈពេល៣ឆ្នាំ នៃការប្រឹងប្រែងតស៊ូ។ ៣ឆ្នាំនៃការដឹងគុណ។ ៣ឆ្នាំនៃវីរភាពដ៏អង់អាចក្លាហាន របស់ជនរួមជាតិអ៊ុយក្រែន។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់។ អរគុណគ្រប់គ្នា ដែលការពារនិងជួយអ៊ុយក្រែន»។
គួរបញ្ជាក់ថា ថ្ងៃចន្ទនេះ គឺជាខួប៣ឆ្នាំគត់ នៃសង្រ្គាមដ៏បង្ហូរឈាមមួយនៅតំបន់អឺរ៉ុប ដែលផ្ទុះឡើង នៅពេលកងទ័ពរុស្ស៉ី បានវាយលុកចូលអ៊ុយក្រែន ក្រោមបញ្ជារបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕