សម្តេចប៉ាប ហ្រ្វង់ស៉ីស ប្រឈួនធ្ងន់ ដោយកំពុងបន្តស្ថិតនៅមន្ទីរពេទ្យ ប្រមាណ១០ថ្ងៃមកហើយ (Video inside)
24-02-2025 13:38
(វ៉ាទីកង់)៖ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ បុរីវ៉ាទីកង់បានឱ្យដឹងថា សម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៉ីស ដែលកំពុងព្រះប្រឈួនជំងឺស្មុគស្មាញពាក់ព័ន្ធផ្លូវដង្ហើម បន្តស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ២ថ្ងៃជាប់គ្នា ខណៈទ្រង់បានស្ថិតនៅមន្ទីរពេទ្យរហូតមក តាំងតែពីពាក់កណ្តាលខែនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សម្តេចប៉ាប ហ្រ្វង់ស៉ីស ដែលមានព្រះជន្ម៨៨ព្រះវស្សាហើយនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Gemelli ក្នុងទីក្រុងរ៉ូម និងបន្តស្ថិតនៅទីនោះ តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ហើយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ បុរីវ៉ាទីកង់បានពិពណ៌នាស្ថានភាពរបស់ទ្រង់ ថាមានសភាពធ្ងន់ធ្ងរជាលើកដំបូង។ ចំពោះមុខដំណឹងសម្តេចប៉ាបទ្រង់ព្រះប្រឈួន ជាច្រើនថ្ងៃបែបនេះ គ្រឹស្តសាសនិកជាច្រើន បាននាំគ្នាយកផ្កានិងសារជូនពរ ទៅដាក់នៅខាងក្រៅ មន្ទីរពេទ្យ Gemelli ដើម្បីបួងសួងឱ្យសម្តេច ចាប់ជាសះស្បើយឡើងវិញ។
គួរបញ្ជាក់ថា ទ្រង់បានក្លាយជាសម្តេចប៉ាប ចាប់តាំងពីឆ្នាំ២០១៣មក ហើយរយៈពេលប្រមាណជា ២ឆ្នាំចុងក្រោយនេះ ទ្រង់បានជួបបញ្ហាព្រះរាជសុខភាពជាច្រើន។ ជាពិសេសនោះ គឺទ្រង់ងាយរងគ្រោះពីការឆ្លងមេរោគសួត ដោយសារសម្តេចប៉ាប ហ្រ្វង់ស៉ីស បានកើតជំងឺរលាកស្រោមសួត តាំងពីក្មេង ហើយធ្លាប់វះយកផ្នែក នៃសួតមួយចំហៀងរបស់ទ្រង់ចេញ ថែមទៀតផង៕