Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃខួប ៣ឆ្នាំនៃសង្រ្គាម អង់គ្លេសបន្តដាក់សម្ពាធលើបុគ្គលមានទំនាក់ទំនងជាមួយរដ្ឋរុស្ស៉ី ដើម្បីសម្តែងការគាំទ្រចំពោះអ៊ុយក្រែន (Video inside)

24-02-2025 11:53

(ឡុងដ៏)៖ ចក្រភពអង់គ្លេស នឹងហាមឃាត់ការចូលមកក្នុងប្រទេស ចំពោះបុគ្គលទាំងឡាយណាដែលផ្តល់ការគាំទ្រ ឬជាប់បំណុលទ្រព្យសម្បត្តិជាមួយរដ្ឋរុស្ស៉ី នៅក្រោមការដាក់ទណ្ឌកម្មថ្មីដែលត្រូវប្រកាស នាថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ចំខួប៣ឆ្នាំនៃការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋាភិបាលនិយាយថា បុគ្គលដែលមានសិទ្ធិជាអាទិភាពចូលមកអង់គ្លេស នៅក្នុងជួររដ្ឋាភិបាលរុស្ស៉ី ក៏ត្រូវបញ្ចូលទៅក្នុងបម្រាមថ្មីផងដែរ។ ពួកគេអាចមានដូចជា អ្នកនយោបាយជាន់ខ្ពស់ មន្ត្រីរដ្ឋាភិបាល និងអ្នកជំនួញ។ វិធានការនេះនឹងបំពេញបន្ថែម លើទណ្ឌកម្មដែលមានស្រាប់ប្រឆាំងនឹងឥស្សរជនរុស្ស៉ី ដែលកំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ លោក ពូទីន។

រដ្ឋមន្ត្រីក្រសួងសន្តិសុខ លោក Dan Jarvis បាននិយាយថា សារទៅកាន់បណ្តាមិត្តភក្តិលោក ពូទីន នៅទីក្រុងមូស្គូ គឺ «អ្នកមិនត្រូវបានស្វាគមន៍ នៅចក្រភពអង់គ្លេសឡើយ»។ លោកគូសបញ្ជាក់ទៀតថា «វិធានការដែលត្រូវប្រកាសថ្ងៃនេះ មានបំណងបិទទ្វារចំពោះក្រុមមហាសេដ្ឋី ដែលមានបានដោយការចំណាយរបស់ប្រជាជនរុស្ស៉ី ខណៈដែលរដ្ឋកំពុងធ្វើសង្រ្គាមខុសច្បាប់»

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer គ្រោងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោន នាថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីសង្រ្គាមនៅអ៊ុយក្រែន ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ។ គេរំពឹងថារបៀបវីរៈរបស់លោក Starmer នឹងដើរតាមគន្លងរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបំពេញទស្សនកិច្ចនៅសេតវិមាន នាថ្ងៃចន្ទនេះ៕