(ហ្កាហ្សា)៖ ក្រោយការប្រកាសពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីន ក្រុមហាម៉ាសបានរិះគន់អ៉ីស្រាអែល ដោយនិយាយថា អ្វីដែលអ៉ីស្រាអែលហៅថា ជាពិធីប្រគល់ចំណាប់ខ្មាំងដ៏គួរឱ្យអាម៉ាស់ គឺជារឿងមិនពិត និងជាលេស ដើម្បីគេចវេសពីកាតព្វរបស់ខ្លួន នៅកិច្ចក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥។

សមាជិកការិយាល័យនយោបាយហាម៉ាស លោក Ezzat El Rashq បញ្ជាក់ថា «ការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ឆ្លុះបញ្ចាំងពីការប៉ុនប៉ងដោយចេតនាដើម្បីបង្អាក់កិច្ចព្រមព្រៀង និងតំណាងឱ្យការបំពានជាក់ស្តែងលើលក្ខខណ្ឌដែលខ្លួនដាក់ចេញ ក៏ដូចជាបង្ហាញពីភាពមិនគួរឱ្យជឿទុកចិត្ត»

ដំបូងឡើយ អ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីន ៦២០នាក់ត្រូវដោះលែង នៅបន្ទាប់ពីក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ៦នាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ប៉ុន្តែក្រោយមក អ៉ីស្រាអែល បានប្រកាសថា នឹងមិនទាន់មានការដោះលែងទេ រហូតទាល់តែការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល នៅដំណាក់កាលខាងមុខ ត្រូវបានធានាថាគ្មានការរៀបចំពិធីដ៏គួរឱ្យអាម៉ាស់។

តាមលោក El Rashq ពិធីនោះមិនចាត់ទុកថាជាការប្រមាថទេ ប៉ុន្តែឆ្លុះបញ្ចាំងថាចំណាប់ខ្មាំងមានលក្ខខណ្ឌសុខភាពធម្មតា ដោយបន្ថែមថា ការប្រមាថពិតប្រាកដ គឺជាអ្វីដែលអ្នកទោសប៉ាឡេស្ទីនកំពុងជួប អំឡុងពេលនៃដំណើរការដោះលែងនេះទៅវិញទេ៕