(វ៉ាស៉ីនតោន)៖ សេតវិមាន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានប្រកាសគាំទ្រចំពោះការសម្រេចចិត្តរបស់អ៉ីស្រាអែល ក្នុងការពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីនជាង ៦០០នាក់ ដោយលើកឡើងពីការប្រព្រឹត្តសកម្មភាពព្រៃផ្សៃ លើចំណាប់ខ្មាំងអ៉ីស្រាអែលដោយក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥។

តាមការិយាល័យលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu អ៉ីស្រាអែលនឹងពន្យារពេលដោះលែងអ្នកទោស និងអ្នកជាប់ឃុំឃាំងជាជនជាតិប៉ាឡេស្ទីន ៦២០នាក់ រហូតទាល់តែការដោះលែងចំណាប់ខ្មាំងនៅដំណាក់កាលបន្ទាប់ ត្រូវបានធានាថានឹងធ្វើឡើង ដោយមិនមានការរៀបចំពិធីដ៏គួរឱ្យអាម៉ាស់។

អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិ លោក Brian Hughes បានគូសបញ្ជាក់ថា ការពន្យារពេលនេះគឺជា «ការឆ្លើយតបដ៏សមស្រប» ទៅនឹងការប្រព្រឹត្តរបស់ក្រុមហាម៉ាស ចំពោះចំណាប់ខ្មាំងអ៉ីស្រាអែល។ លោកបន្ថែមថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រអ៉ីស្រាអែល «សម្រាប់សកម្មភាពណាមួយដែលខ្លួនជ្រើសរើស ទាក់ទងនឹងក្រុមហាម៉ាស»

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល ទំនងជាចង់សំដៅទៅលើការដោះលែងចំណាប់ខ្មាំងដោយក្រុមហាម៉ាស កាលពីពេលថ្មីៗនេះ ដែលក្រុមមន្ត្រី UN បាននិយាយថា ផ្ទុយទៅនឹងច្បាប់អន្តរជាតិ ដោយសារតែមិនមានការគោរព។ ក្រុមហាម៉ាសបានតម្រូវឱ្យ ចំណាប់ខ្មាំងបង្ហាញខ្លួននៅលើឆាក មុននឹងប្រគល់ទៅឱ្យកាកបាទក្រហម។ ចំណែក មឈូសដាក់សាកសពចំណាប់ខ្មាំងវិញ ត្រូវបានដង្ហែរឆ្លងកាត់ហ្វូងមនុស្សជាច្រើន៕