(បែរឡាំង)៖ លទ្ធផលបោះឆ្នោតកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានបង្ហាញថា មេដឹកនាំអភិរក្សនិយម លោក Friedrich Merz នឹងក្លាយជាអធិការបតីបន្ទាប់របស់ប្រទេសអាល្លឺម៉ង់ ខណៈដែលគណបក្សក្នុងក្រុមចម្រុះ AfD របស់លោក Olaf Scholz តាមពីក្រោយក្នុងលំដាប់លេខទីពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥។
តាមលទ្ធផលបណ្តោះអាសន្នពីមណ្ឌលបោះឆ្នោតទាំង ២៩៩ គណបក្សអភិរក្សនិយម ទទួលបានសំលេងគាំទ្រ ២៨.៦ភាគរយ តាមពីក្រោយដោយ AfD ក្នុងសំលេងគាំទ្រ ២០.៨ភាគរយ។ ចំនួនអ្នកទៅបោះឆ្នោតនៅអាល្លឺម៉ង់មាន ៨៣ភាគរយ ដែលជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ ១៩៩០។ អ្នកបោះឆ្នោតជាបុរស មានទំនោរទៅរកគណបក្សស្តាំនិយម ខណៈដែលអ្នកបោះឆ្នោតជាស្ត្រី បង្ហាញការគាំទ្រកាន់តែខ្លាំងចំពោះគណបក្សឆ្វេងនិយម។
បន្ទាប់ពីក្រុមអភិរក្សនិយមទទួលបានជ័យជម្នះ លោក Merz បានប្តេជ្ញាថានឹងជួយផ្តល់ឱ្យអឺរ៉ុបនូវ «ឯករាជ្យភាពពិតប្រាកដ» ចេញពីការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ខណៈដែលលោកត្រៀមរៀបចំបង្កើតរដ្ឋាភិបាលរួបរួមមួយ។ លោក Merz កំពុងឈានទៅរកការចរចាក្នុងក្រុមចម្រុះ ប៉ុន្តែគេមិនទាន់ប្រាកដទេថាតើ លោក Merz នឹងត្រូវការដៃគូមួយ ឬពីរ ដើម្បីបង្កើតជាសំលេងភាគច្រើន ស្របពេលដែលជោគវាសនារបស់គណបក្សតូចៗ មិនទាន់អាចគណនាបាន។
លោក Merz អាយុ ៦៩ឆ្នាំ ប្រហែលជាត្រូវប្រឈមមុខក្នុងការចរចារដ៏ស្មុគស្មាញ និងចាយពេលយូរជាមួយក្រុមចម្រុះ ដ្បិតនិន្នាការគាំទ្រគណបក្សស្តាំនិយម បានកើនឡើងដល់ចំណាត់ថ្នាក់ទីពីរជាប្រវត្តិសាស្ត្រ នៅក្នុងការបោះឆ្នោតមួយ ដែលដំបូងឡើយគេសន្មត់ថាមានការបាក់បែកសាមគ្គីគ្នា ក្នុងចំណោមសម្ព័ន្ធមិត្តរបស់លោកអធិការបតី Olaf Scholz៕