(ឡង់ដ៍)៖​ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានប្រកាសនៅថ្ងៃអាទិត្យនេះថា មិនអាចមានការពិភាក្សាណាមួយ អំពីអនាគតរបស់អ៊ុយក្រែន ដោយគ្មានការចូលរួមពីអ៊ុយក្រែននោះទេ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកបានបញ្ជាក់ជំហរនេះ មុនពេលធ្វើដំណើរទៅជួបជាមួយប្រធានាធិបតីអាមេរិក នៅសប្តាហ៍ក្រោយនេះ។

លោក Starmer បានថ្លែងក្នុងសន្និសីទគណបក្សពលករទីក្រុងស្កុតឡេនដូច្នេះថា «គ្មាននរណាម្នាក់ចង់ឱ្យការបង្ហូរឈាមបន្តនោះទេ សូម្បីប្រជាជនអ៊ុយក្រែន»។

លោកសង្កត់ធ្ងន់ថា «ប៉ុន្តែបន្ទាប់ពីអ្វីគ្រប់យ៉ាងដែលពួកគេបានរងទុក្ខ បន្ទាប់ពីអ្វីគ្រប់យ៉ាងដែលពួកគេបានប្រយុទ្ធ មិនអាចមានការពិភាក្សាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែននោះទេ ហើយប្រជាជនអ៊ុយក្រែន ត្រូវតែមានអនាគតដ៏វែងឆ្ងាយ»។

គួរបញ្ជាក់ថា មេដឹកនាំអង់គ្លេសរូបនេះ គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ តាមពីក្រោយដំណើរទស្សនកិច្ច របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលគ្រោងនឹងជួបជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ។ មេដឹកនាំអឺរ៉ុបទាំងពីររំពឹងថា នឹងជំរុញឱ្យចៀសវាងការសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយលោក ពូទីន ក្នុងលក្ខខណ្ឌដែលធ្វើឱ្យ ប៉ះពាល់ដល់ផលប្រយោជន៍របស់អ៊ុយក្រែន។ បន្ថែមពីនេះ ពួកគេនឹងស្វែងរកការធានា ឱ្យអឺរ៉ុបចូលរួម ក្នុងដំណើរការសន្តិភាព និងពិភាក្សាអំពីការផ្តល់ការធានាយោធាដល់ អ៊ុយក្រែន៕