(វ៉ាស៊ីនតោន)៖ ក្រុមអ្នកចរចាអាមេរិក បានប្រាប់អ៊ុយក្រែនថាសហរដ្ឋអាមេរិកអាចនឹងកាត់ផ្ដាច់ទីក្រុងកៀវ ពីការចូលទៅប្រើប្រាស់ប្រព័ន្ធអ៉ីនធើណិតនៃផ្កាយរណប Starlink របស់មហាសេដ្ឋី Elon Musk ប្រសិនបើលោក ហ្សេលេនស្គី មិនព្រមចុះកិច្ចព្រមព្រៀងស្ដីពីរ៉ែទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលបានដឹងអំពីបញ្ហាខាងលើ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប្រភពដដែលបានប្រាប់ Reuters ទៀតថាការបន្តរបស់អ៊ុយក្រែន ដើម្បី ចូលទៅប្រើប្រព័ន្ធអ៉ីនធើណិតរបស់ក្រុមហ៊ុន Starlink បានក្លាយជាប្រធានបទមួយនៃកិច្ចពិភាក្សារវាងក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន បន្ទាប់ពីលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានច្រានចោលសំណើបឋមមួយ ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent។ តែបញ្ហានេះត្រូវបានលើកឡើងសាជាថ្មីកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អំឡុងកិច្ចពិភាក្សារវាងបេសកជនពិសេសរបស់លោក ត្រាំ គឺលោក Keith Kellogg និងលោក ហ្សេលេនស្គី។
អំឡុងពិភាក្សានោះ អ៊ុយក្រែនត្រូវបានប្រាប់ឱ្យដឹងថាខ្លួនអាចនឹងប្រឈមមុខនឹងការកាត់ផ្ដាច់ចេញពីសេវាអ៉ីនធើណិតនៃផ្កាយរណប Starlink ភ្លាមៗ ប្រសិនជាមិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីធនធានរ៉ែទេនោះ។ ក្រោយការចុះផ្សាយរបស់ Reuters លោក Elon Musk បានបង្ហោះសារមួយលើបណ្ដាញសង្គម X ដោយនិយាយថាអត្ថបទចេញផ្សាយដោយ Reuters ជាព័ត៌មានមិនពិត ហើយថា Reuters កំពុងនិយាយកុហក។ ប៉ុន្តែ នៅពេលត្រូវបានទាក់ទងដោយផ្ទាល់ពីខាង Reuters មហាសេដ្ឋីរូបនេះភ្លាមៗមិនបានធ្វើការឆ្លើយបទេ។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានច្រានចោលសំណើរបស់លោក ដូណាល់ ត្រាំ ដើម្បីឱ្យសហរដ្ឋអាមេរិកកើបផលចំណេញ ៥០០ពាន់លានដុល្លារពីធនធានរ៉ែរបស់អ៊ុយក្រែន ជាសំណងដែលទីក្រុងវ៉ាស៊ីនតោន បានផ្ដល់ ជំនួយយោធា ដោយអះអាងថាសហរដ្ឋអាមេរិកមិនបានបញ្ជាក់លម្អិតពីការធានាសន្តិសុខ។ តែទោះជាបែបនេះក្ដី លោក ហ្សេលេនស្គីបាននិយាយថាក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែនកំពុងធ្វើការលើកិច្ចព្រមព្រៀងមួយ ខណៈ លោក ត្រាំ បានព្រលយថាលោកផ្ទាល់រំពឹងថាកិច្ចព្រមព្រៀងមួយនឹងត្រូវបានចុះហត្ថលេខាក្នុងពេលឆាប់»៕