(បែរឡាំង)៖ ការិយាល័យបោះឆ្នោតនៅក្នុងប្រទេសអាល្លឺម៉ង់ បានបើកទ្វារហើយនៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ សម្រាប់ការបោះឆ្នោតសកលមួយដែលគេរំពឹងថាអាចនឹងបានឃើញការត្រឡប់មកកាន់អំណាចសាជាថ្មីនៃ សម្ព័ន្ធគណបក្សអភិរក្សនិយមរបស់លោក Friedrich Merz បន្ទាប់ពីយុទ្ធនាការឃោសនាបោះឆ្នោតមួយដែលត្រូវបានអង្រួនដោយការកើនឡើងប្រជាប្រិយភាពគណបក្សស្ដាំនិយមជ្រុល និងការវិលត្រឡប់មកវិញរបស់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការិយាល័យបោះឆ្នោត បានបើកទ្វារនៅម៉ោង ៨ព្រឹក ថ្ងៃអាទិត្យ (ម៉ោងនៅអាល្លឺម៉ង់) ដោយមានប្រជាជនអាល្លឺម៉ង់មានសិទ្ធិបោះឆ្នោតជាង ៥៩លាននាក់ ដែលនឹងត្រូវទម្លាក់សន្លឹកឆ្នោតចូលក្នុងហិប។ ចំណែក ការវាយតម្លៃដំបូងលើលទ្ធផលបោះឆ្នោតបឋម នឹងត្រូវធ្វើឡើងក្រោយការិយាល័យបោះឆ្នោតបិទទ្វារនៅម៉ោង ៦លា្ងចថ្ងៃដដែល។
គួរបញ្ជាក់ថា បើតាមការស្ទង់មតិ សម្ព័ន្ធគណបក្ស CDU/CSU របស់លោក Friedrich Merz បាននាំមុខលើគណបក្ស Social Democratic របស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz តែមិនទំនងជានឹងឈ្នះសំឡេង ភាគច្រើននោះទេ ហើយអាចនឹងត្រូវបង្ខំចិត្តស្វែងរកគណបក្សជាដៃគូដើម្បីបង្កើតក្រុមចម្រុះដឹកនាំរដ្ឋាភិបាល៕