(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិក២នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាក្រុមឧទ្ទាមហ៊ូទី មានមូលដ្ឋានក្នុងប្រទេសយេម៉ែន បានបាញ់មីស៊ីលជាច្រើនគ្រាប់តម្រង់ទៅរកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង និងដ្រូន MQ-9 Reaper នៅក្នុងសប្ដាហ៍នេះ ប៉ុន្តែបាញ់មិនត្រូវនោះទេ។

មន្ត្រីអាមេរិកទាំង២នាក់ដដែល ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមិនបានបញ្ជាក់លម្អិតថាតើការវាយប្រហាររបស់ក្រុមហ៊ូទី កើតឡើងនៅតំបន់សមុទ្រក្រហម ឬក្នុងប្រទេសយេម៉ែននោះទេ។ តែវាការវាយប្រហារនេះ បានបង្ហាញពីសមត្ថភាពកំណត់គោលដៅកាន់តែល្អប្រសើរឡើងរបស់ក្រុមហ៊ូទី។

គួរបញ្ជាក់ថា មេដឹកនាំក្រុមហ៊ូទីដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក លោក Abdul Malik al-Houthi បាននិយាយកាលពីថ្ងៃទី១៣ ខែកុម្ភៈថាក្រុមហ៊ូទី នឹងធ្វើអន្តរាគមន៍ជាមួយការបាញ់មីស៊ីល និងដ្រូនលើកប៉ាល់ដែលធ្វើ ដំណើរឆ្លងកាត់សមុទ្រក្រហម ប្រសិនបើសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនចាកចេញពីហ្កាហ្សា។ ក្រុមហ៊ូទី បានដឹកនាំការវាយប្រហារច្រើនជាង ១០០លើកប៉ាល់ដែលធ្វើដំណើរឆ្លងកាត់ សមុទ្រក្រហម ឬដែនទឹកក្បែរប្រទេសយេម៉ែន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ជាសកម្មភាពមួយនេះដែលពួកគេអះអាងថាជាការបង្ហាញសាមគ្គីភាពដល់ប្រជាជនប៉ាឡេស្ទីន និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។

ការវាយប្រហាររបស់ហ៊ូទី បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពនៃការធ្វើពាណិជ្ជកម្មតាមផ្លូវទឹករបស់ពិភពលោកកាត់តាមសមុទ្រក្រហម៕