(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកកំពុងព្យាយាមយកត្រឡប់មកវិញនូវលុយរាប់ពាន់លានដុល្លារ ដែលត្រូវបានចំណាយទៅលើការគាំទ្រសង្រ្គាមរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ​

ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ កើតមានឡើងចំពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវ កំពុងចរចាគ្នាលើកិច្ចព្រមព្រៀងរ៉ែកម្រ ដែលលោក ត្រាំ ចង់បានជាសំណងសម្រាប់ការផ្ដល់ជំនួយរបស់អាមេរិក នៅក្រោមអតីតរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ដល់អ៊ុយក្រែន។ ថ្លែងទៅកាន់គណៈប្រតិភូនៅឯអង្គការ​សន្និសីទ​សកម្មភាពនយោបាយ​អភិរក្ស​និយម​ហៅ​កាត់ថា CPAC ក្បែរទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំកំពុងព្យាយាមយកលុយត្រឡប់មកវិញ ឬក្រោមកិច្ចព្រមព្រៀងអ្វីមួយ»។ លោកបន្ត «ខ្ញុំចង់ឱ្យពួកគេ (អ៊ុយក្រែន) សងអ្វីមួយមកពួកយើងវិញ ជាសំណងទៅនឹងលុយដែលយើងបាន ផ្ដល់ឱ្យពួកគេ។ យើងកំពុងស្នើសុំរ៉ែកម្រ និងប្រេង រួមទាំងអ្វីផ្សេងទៀតដែលយើកអាចយកមកវិញបាន»។

គួរបញ្ជាក់ថា បេសកជនពិសេសរបស់លោក ត្រាំ គឺលោក Keith Kellogg ដែលបានជួបជាមួយលោកប្រធានាធិបតី ហ្សេលេនស្គី កាលពីដើមសប្ដាហ៍កន្លងទៅនេះ បាននិយាយថាលោក ហ្សេលេនស្គី យល់ស្រប ថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកគឺជារឿងសំខាន់។ តែប្រភពមួយបានប្រាប់ AFP ថាទីក្រុងកៀវចង់បានការធានាមួយជាមុនសិន ហើយថាលោក ហ្សេលេនស្គីមិនទាន់ត្រៀមខ្លួន រួចរាល់ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះទេ ទោះជាមានសម្ពាធពីលោក ត្រាំ ក៏ដោយ៕