(ហ្ស៊េរុយឡិម)៖ អ៉ីស្រាអែល នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈបាននិយាយថាខ្លួនបានសម្រេចពន្យារពេលការដោះលែងអ្នកទោសជាជនជាតិប៉ាឡេស្ទីនរាប់រយនាក់ដែលគ្រោងធ្វើឡើងកាលពីថ្ងៃសៅរ៍ រហូតទាល់តែ ក្រុមហាម៉ាសបំពេញតាមលក្ខខណ្ឌរបស់ខ្លួន ដែលនេះបានគូសបញ្ជាក់ពីភាពផុយស្រួយនៃបទឈប់បាញ់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានចេញសេចក្ដីថ្លែងការណ៍មួយដោយនិយាយថាអ៉ីស្រាអែលបានសម្រេចពន្យារពេលដោះលែងអ្នកទោស និងអ្នកជាប់ឃុំឃាំង ជាជនជាតិប៉ាឡេស្ទីន ៦២០នាក់ រហូតទាល់តែការដោះលែងចំណាប់ខ្មាំងនៅដំណាក់កាលបន្ទាប់ ត្រូវបានធានាថានឹងធ្វើឡើងដោយមិនមានការរៀបចំពិធីដ៏គួរឱ្យអាម៉ាស់។ សេចក្ដីថ្លែងការណ៍នេះទំនងជា ចង់សំដៅលើការដោះលែងចំណាប់ខ្មាំងដោយក្រុមហាម៉ាសកាលពីពេលថ្មីៗនេះ ដែលក្រុមមន្ត្រី UN បាននិយាយថាផ្ទុយទៅនឹងច្បាប់អន្តរជាតិ ដោយសារតែមិនមានការគោរព។ ក្រុមហាម៉ាសបានតម្រូវឱ្យ ចំណាប់ខ្មាំងបង្ហាញខ្លួននៅលើឆាក ហើយពេលខ្លះបានអនុញ្ញាតឱ្យពួកគេនិយាយ មុននឹងប្រគល់ទៅឱ្យកាកបាទក្រហម។ ចំណែក មឈូសដាក់សាកសពចំណាប់ខ្មាំងវិញត្រូវបានដង្ហែរឆ្លងកាត់ហ្វូងមនុស្ស ជាច្រើន។
គួរបញ្ជាក់ថា ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ក៏បានចោទប្រកាន់ផងដែរថាក្រុមហាម៉ាសបានរំលោភបំពានលើបទឈប់បាញ់ម្ដងហើយម្ដងទៀត ហើយការចោទប្រកាន់នេះដែរកើតមានឡើងក្រោយ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ៦នាក់ កាលពីថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ជាផ្នែកមួយនៃការដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីន៕