(វ៉ាស៉ីនតោន)៖​ មន្ត្រីសេតវិមានម្នាក់បាននិយាយថា លោកប្រធានាធិបតី ដូណាល់​ ត្រាំ​ បានចុះហត្ថលេខាលើសេចក្តីណែនាំមួយ​ ឱ្យគណៈកម្មាធិការវិនិយោគបរទេសរបស់សហរដ្ឋអាមេរិក​ រឹតបន្តឹងលេីការវិនិយោគរបស់ចិននៅក្នុងតំបន់យុទ្ធសាស្ត្រ។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី២២​ ខែកុម្ភៈ​ ឆ្នាំ​ ២០២៥។

សេចក្តីណែនាំនោះ​ មាន​បំណង​ជំរុញ​ការ​វិនិយោគ​បរទេស​ ខណៈដែលការពារ​ផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​ ពី​ការ​គំរាមកំហែង​បង្កឡើង​ដោយ​ចិន។ សេចក្តីណែនាំបានលេីកឡេីងថា ចិនកំពុងកេងប្រវ័ញ្ចដើមទុន និងភាពប៉ិនប្រសប់របស់យេីង​ ដើម្បីផ្តល់មូលនិធិដល់ការធ្វើទំនើបកម្មយោធា និងការស៊េីបការណ៍សម្ងាត់ ដោយបង្កជាការគំរាមកំហែងដល់សន្តិសុខអាមេរិក។

នៅក្រោមសេចក្តីណែនាំនេះ សហរដ្ឋអាមេរិកនឹងបង្កើតច្បាប់ថ្មី ដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ចនៃដើមទុន បច្ចេកវិទ្យា និងចំណេះដឹងរបស់ខ្លួនដោយសត្រូវបរទេស​ ដូចជាចិន ដើម្បីធានាថាមានតែការវិនិយោគដែលបម្រើផលប្រយោជន៍ឱ្យអាមេរិកប៉ុណ្ណោះ​ ដែលត្រូវបានអនុញ្ញាតឱ្យវិនិយោគ។

មន្ត្រីដដែលក៏បាននិយាយផងដែរថា រដ្ឋបាលលោក​ ត្រាំ នឹងពិចារណាលើការរឹតបន្តឹងថ្មី ឬពង្រីកការរឹតបន្តឹងលើការវិនិយោគរបស់សហរដ្ឋអាមេរិកចំពោះចិន​ នៅក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗ រួមមាន semiconductors AI អវកាស​ និងវិស័យច្រើនទៀត៕