(វែលីងតោន)៖ នូវែលសេឡង់ បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈថា កងទ័ពជើងទឹកចិនបានធ្វើតេស្តបាញ់គ្រាប់ពិត នៅក្នុងដែនទឹកអន្តរជាតិក្បែរប្រទេសរបស់ខ្លួន មួយថ្ងៃបន្ទាប់ពីមានការធ្វើសមយុទ្ធស្រដៀងគ្នានេះ រវាងអូស្ត្រាលី និងនូវែលសេឡង់ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍បង្វែរជើងហោះហើរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់រដ្ឋមន្ត្រីការពារជាតិនូវែលសេឡង់ មានរបាយការណ៍ពីកងកម្លាំងការពារជាតិមកថា កងទ័ពជើងទឹកចិនណែនាំឱ្យធ្វេីសកម្មភាពបាញ់គ្រាប់ពិត នារសៀលថ្ងៃសៅរ៍។ បុគ្គលិកនៅលើនាវាចម្បាំងរបស់កងទ័ពជើងទឹកនូវែលសេឡង់ Te Kaha កំពុងសង្កេតមើលការធ្វេីតេស្តបាញ់កាំភ្លើងធំរបស់នាវាចិន។
នាយករដ្ឋមន្ត្រី លោក Christopher Luxon ក៏បានឱ្យដឹងដែរថា វាមិនច្បាស់ទេថានាវាកងទ័ពជើងទឹកចិន ធ្វើដំណើរទៅណាក្នុងដែនទឹកអន្តរជាតិ និងសម្រាប់គោលបំណងអ្វី។ លោកគូសបញ្ជាក់ថា «អ្វីដែលយើងកំពុងធ្វើ គឺឃ្លាំមើល និងតាមដានកងនាវានេះ» ដោយបន្ថែមថាចិនកំពុងធ្វើសកម្មភាពស្របតាមច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា ការធ្វើតេស្តបាញ់គ្រាប់ពិតរបស់ចិននាថ្ងៃសៅរ៍នេះ ធ្វេីឡើងនៅសមុទ្រ Tasman។ ចិនបានច្រានចោលសេចក្តីសម្រេចឆ្នាំ ២០១៦ ដោយតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍នៅទីក្រុងឡាអេ ដែលការទាមទាររបស់ខ្លួនគឺស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង និងដែលផ្នែកខ្លះត្រូវបានទាមទារដោយប្រទេសអាស៊ានមួយចំនួន៕