(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី RIA បានរាយការណ៍ដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសលោក Sergei Ryabkov ដែលនិយាយថាកិច្ចប្រជុំលើកទីពីររវាងអ្នកតំណាងរុស្ស៉ី និងសហរដ្ឋអាមេរិកត្រូវបានគ្រោងទុក ក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ ២០២៥។
ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៉ីនតោន បានបើកកិច្ចចរចាលើកដំបូងរបស់ពួកគេ ស្តីពីការបញ្ចប់សង្រ្គាមជិត ៣ឆ្នាំនៅអ៊ុយក្រែន កាលពីថ្ងៃអង្គារកន្លងទៅ ក្នុងគោលបំណងស្តារទំនាក់ទំនង និងរៀបចំបញ្ចប់ជម្លោះ។
ដោយមិនបញ្ជាក់សមាសភាពមន្រ្តីដែលនឹងត្រូវជួបគ្នា លោក Ryabkov និយាយថា នឹងមានកិច្ចប្រជុំម្តងទៀតនៅឯប្រទេសទីបី ហើយទីតាំងជាក់លាក់កំពុងស្ថិតក្នុងការពិភាក្សាគ្នា។
គួរបញ្ជាក់ថា បេីតាមវិមានក្រឹមឡាំង កិច្ចប្រជុំលេីកដំបូងនោះគឺផ្តោតភាគច្រើនលើទំនាក់រុស្ស៉ី-អាមេរិក ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកដំណោះស្រាយលើសង្រ្គាមអ៊ុយក្រែន៕