(ប៉េកាំង)៖ ការគ្រប់គ្រងជម្លោះ និងវិបត្តិចិន-អាម៉េរិក គឺមានសារៈសំខាន់ណាស់ ព្រោះថាប្រទេសទាំងពីរនេះអាចនាំឱ្យមាន ផលវិបាកធ្ងន់ធ្ងរដល់ពិភពលោក។ បើយើងក្រឡេកមើល សង្រ្គាមពាណិជ្ជកម្មរវាងចិន និង អាម៉េរិកវិញ នេះជាការសំដៅទៅលើ ជម្លោះសេដ្ឋកិច្ចដែលកំពុងបន្ត និង ការប្រកួតប្រជែងរវាងប្រទេសទាំងពីរ ពាក់ព័ន្ធជាមួយនឹងពន្ធនាំចូល និង របាំងពាណិជ្ជកម្មផ្សេងទៀតលើទំនិញ និង សេវាកម្មរបស់គ្នាទៅវិញទៅមក។ សង្រ្គាមពាណិជ្ជកម្មបានចាប់ផ្តើមនៅឆ្នាំ២០១៨ នៅពេលដែលលោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិនពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ និង ការលួចកម្មសិទ្ធិបញ្ញា ហើយបានចាប់ផ្តើមសកម្មភាពតម្លើងពន្ធជាបន្តបន្ទាប់ប្រឆាំងនឹងប្រទេសចិន។ ប្រទេសចិនបានឆ្លើយតបជាមួយនឹងពន្ធគយ និង វិធានការតបតផ្សេងៗរបស់ខ្លួន ហើយជម្លោះនេះបានឈានដល់ការប្រឈមមុខដាក់គ្នា បានរីកសាយលើបច្ចេកវិទ្យា សន្តិសុខ និង សិទ្ធិមនុស្ស ។ សង្រ្គាមពាណិជ្ជកម្មបានជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសទាំងពីរ និងសេដ្ឋកិច្ចពិភពលោក ដូចជាការយឺតយ៉ាវ នៃកំណើនសេដ្ឋកិច្ច ការកាត់បន្ថយពាណិជ្ជកម្ម ការបង្កើនការចំណាយ និង ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។
សង្គ្រាមពាណិជ្ជកម្មរវាងចិន និង អាម៉េរិក ជាជម្លោះដ៏យូរអង្វែង។ សង្គ្រាមពាណិជ្ជកម្មកំពុងតែបង្កការបំផ្លិចបំផ្លាញសេដ្ឋកិច្ច បណ្តាប្រទេសជាប់ពាក់ព័ន្ធ ។ អស់រយៈពេល ៧០ ឆ្នាំមកហើយ ពាណិជ្ជកម្មសកលត្រូវបានគាំទ្រដោយនីតិរដ្ឋ និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលទទួលខុសត្រូវលើការវិនិច្ឆ័យ ដោយមិនលំអៀងចំពោះជម្លោះពាណិជ្ជកម្ម។ ប៉ុន្តែចាប់ពីឆ្នាំ ២០១៧ មក អាម៉េរិកបានដកការគាំទ្ររបស់ខ្លួន ចេញពីអង្គការពាណិជ្ជកម្មពិភពលោក និង បានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយចិន។ នៅពេលថ្មីៗនេះ សហរដ្ឋអាម៉េរិកបានចូលរួម នៅក្នុងសង្គ្រាមពាណិជ្ជកម្ម មិនត្រឹមតែជាមួយប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ រួមមានអឺរ៉ុប និង បណ្តារប្រទេសជិតខាងរបស់ខ្លួនដូចជា ម៉ិចសិច និង កាណាដាជាដើម ដែលបានរួមចំណែកធ្វើឱ្យពិភពលោកទាំងមូល ត្រូវប្រឈមមុខនឹងវិបត្តិដ៏ធំមួយទៀត ដែលនោះគឺ «ការបែកបាក់នៃប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ»។
ផ្ទុយទៅវិញ បើយោងតាមទិន្នន័យរបស់ Ceicdata ទំហំពាណិជ្ជកម្មរវាងចិននឹងអាម៉េរិកកើនដល់ នៅឆ្នាំ២០២៤ ដែលក្នុងនោះការនាំចេញរបស់ចិនទៅកាន់អាម៉េរិកមានចំនួន ៤៨.៨ ពាន់លានដុល្លារ ហើយមានការកើនឡើងចំនួន ១២% ធៀបនឹងឆ្នាំ២០២៣ ហើយនាំចូលពីសហរដ្ឋអាម៉េរិកវិញមានចំនួន ១៥,៣ពាន់លានដុល្លារ កើនឡើង ៧,៧% ធៀបនឹងឆ្នាំ២០២៣។ តាមរយៈទិន្នន័យខាងលើនេះបញ្ហាញថា ទោះជាទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងក៏ដោយ ក៏ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានទំហំធំ ហើយមានកំណើនជាលំដាប់ បើទោះជារបាំងពន្ធ និង របាំងមិនមែនពន្ធលើពាណិជ្ជកម្មអន្តរជាតិក៏ដោយ។
ថ្មីៗនេះ ការដាក់របាំងពន្ធគយបន្ថែម១០%លើគ្រប់ទំនិញនាំចូលពីចិន ទៅកាន់អាម៉េរិក ហើយប្រទេសចិនក៏បានប្រកាសដាក់ពន្ធ ១៥%លើទំនិញសំខាន់ៗមួយចំនួនដែលនាំចូល ពីអាម៉េរិកផងដែរ រួមមានធ្យូងថ្ម និង ឧស្ម័នធម្មជាតិ និង ដាក់ពន្ធ ១០%លើប្រេងឥន្ធនៈផងដែរ។ ការដាក់របាំងពន្ធលើពាណិជ្ជកម្ម បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោក មានភាពមិនប្រាកដច្បាស់ ដែលរបាំងនេះ មិនមានផលចំណេញអ្វីសោះដល់ពិភពលោក។ របាំងពន្ធទាំងនេះ ត្រូវបានស្រូបយកដោយអ្នកប្រើប្រាស់ ជាប្រជាជនអាមេរិក ដែលបានរួមចំណែកបង្កើននូវអត្រាអតិផរណា ក្នុងសហរដ្ឋអាម៉េរិក និង បង្កឱ្យមានការតម្លើងការប្រាក់ខ្ពស់ ជាដើម។
ទាំងនេះ បង្ហាញពីភាពមិនគោរពច្បាប់និងលក្ខខណ្ឌនានា របស់អង្គការពាណិជ្ជកម្មអន្តរជាតិរបស់អាម៉េរិក ហើយក៏បានបង្ហាញភាពខ្លាំង របស់ចិនលើវិស័យផលិតកម្ម និង ពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងភាពជោគជ័យ នៃគំនិតផ្តួចផ្តើខ្សែក្រវ៉ាត់និងផ្លូវផងដែរ។ ចំពោះវិស័យផលិតកម្ម ចិននៅតែជាប្រទេសផ្គត់ផ្គង់ធំជាងគេបំផុតលើ ស្ទើរតែគ្រប់មុខទំនិញទាំងអស់ រួមមានផលិតកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាទាប រហូតផលិតកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ ក្នុងស្ថានភាពតានតឹងនៃទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងអាម៉េរិក ផលិតផលរបស់ចិនមួយចំណែក បានងាកមករកទីផ្សារ នៅបណ្តាប្រទេសផ្សេង ជាពិសេសនៅតាមបណ្តាប្រទេសនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ ដែលច្រកមួយទៀត នៃពាណិជ្ជកម្មរបស់ចិន ហើយបានធ្វើអំណាចពាណិជ្ជកម្ម របស់ចិន នៅតែមានភាពរឹងមាំបើទោះជាអាមេរិកដាក់របាំងក៏ដោយ។ ជាលទ្ធផល ផលិតផលរបស់ចិននៅតែបន្តនាំចេញបាន ចំណែកឯទំនិញនៅសហរដ្ឋអាម៉េរិក បានឡើងថ្លៃ បង្កឱ្យក្លាយជាអតិផរណា និង មានផលប៉ះពាល់ដល់ការរស់នៅ និង ថវិកាជាតិ របស់អាម៉េរិកផងដែរ។
ការប្តេជ្ញាចិត្តរបស់រដ្ឋបាលត្រាំ ក្នុងការធ្វើឱ្យអាម៉េរិកអស្ចារ្យសារជាថ្មី នឹងឈានដល់ការធ្វើអាម៉េរិកខ្លួនឯង ឯកោ តាមរយៈការបង្កើតគូបដិបក្សថ្មីៗ ទាំងនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក អឺរ៉ុប និង អាម៉េរិកខ្លួនឯង ហើយជាការបើកឱកាស ដល់ប្រទេសចិន ទទួលបានភាពជោគជ័យបន្ថែមទៀតលើ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងក្រោមក្របខ័ណ្ឌក្រុមសម្ព័ន្ធភាព BRICS, អង្គការសហប្រតិបត្តិការសៀងហៃ និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីជាដើម។
ប្រទេសចិននៅតែស្ថិតនៅក្នុងជំហរដ៏រឹងមាំមួយ ក្នុងការបង្រួបបង្រួមនិងពង្រឹងជំហររបស់ខ្លួន ខណៈពេលដែលសហរដ្ឋអាម៉េរិក និង សម្ព័ន្ធមិត្តរបស់ខ្លួនកំពុងតស៊ូជាមួយបញ្ហាសេដ្ឋកិច្ច ដូចជាឱនភាពសារពើពន្ធនិងកម្រិតបំណុល ខណៈពេលដែល ប្រាក់ដុល្លារអាម៉េរិក ក៏កំពុងធ្លាក់ចុះខ្សោយ។
ការកើនឡើងនៃការប្រកួតប្រជែងអំណាចរវាងសហរដ្ឋអាម៉េរិកនិងចិន ជាការកំណត់អនាគតនៃសណ្តាប់ធ្នាប់ក្នុងតំបន់នៅអាស៊ី។ នៅពេលនេះប្រទេសចិនកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការជំរុញផលប្រយោជន៍ជាតិរបស់ខ្លួនឱ្យកាន់តែខ្លាំង ខណៈពេលដែល សហរដ្ឋអាម៉េរិកបានឈានឆ្ពោះទៅរកការប្រកួតប្រជែងជាយុទ្ធសាស្ត្រ និងការប្រឈមមុខដាក់គ្នា។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិនអាចប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ និង រារាំងកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពក្នុងផ្នែកសន្តិសុខ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ថាមពល និងបរិស្ថានផងដែរ៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា