(ប៉េកាំង)៖ បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាស «ផែនការប្រតិបត្តិការស្តីពីការលំនឹងទុនបរទេសឆ្នាំ ២០២៥» កាលពីថ្ងៃទី ១៩ ខែកុម្ភៈ លោកស្រី Tao Lin អគ្គនាយករងនៃក្រុមហ៊ុន Tesla អាមេរិកបានថ្លែងថា "ក្រុមហ៊ុន Tesla បានពង្រឹងការប្តេជ្ញាចិត្ត របស់ខ្លួនឱ្យបានកាន់តែមុតមាំក្នុងការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន" ។ អ្នកវិភាគសម្គាល់ឃើញថា ផែនការប្រតិបត្តិនេះ បានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថា ប្រទេសចិននឹងពង្រីកការបើកទូលាយចំពោះបរទេស ហើយបានឆ្លុះបញ្ចាំងពី សុទ្ធចិត្តនិងជំនឿចិត្តរបស់ចិន ក្នុងការផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះជាមួយទុនបរទេស។
ជាច្រើនឆ្នាំកន្លងមក ទុនបរទេសគឺជាសាក្សី ជាអ្នករួមចំណែកនិងជាអ្នកទទួលបានផលប្រយោជន៍ ពីគោលនយោបាយកំណែទម្រង់ និងបើកទូលាយរបស់ចិន។ គិតរហូតដល់ចុងឆ្នាំ ២០២៤ សហគ្រាសដែលបានបង្កើតឡើងដោយពាណិជ្ជករបរទេស មានចំនួនលើសពី ១លាន២សែន៣ម៉ឺន៩ពាន់សហគ្រាស ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងមានចំនួន ២០,៦ ទ្រីលានយាន់ប្រាក់ចិន ។ ឆ្លងតាមរយៈការកៀរគរទុនបរទេស ប្រទេសចិនបាននាំចូលប្រាក់ទុន បច្ចេកទេសជឿនលឿន និងបទពិសោធខាងការគ្រប់គ្រង ដែលបានជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ខ្លួន ។ ចំណែកទុនបរទេសក៏បានចែករំលែក នូវផលចំណេញយ៉ាងច្រើនក្នុងកិច្ចកសាងទំនើបកម្ម តាមបែបផែនចិនផងដែរ។
បច្ចុប្បន្ននេះ ការស្តារសេដ្ឋកិច្ចសកលឡើងវិញមានភាពយឺតយ៉ាវ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយ មានសភាពកាន់តែតានតឹង ហើយឯកតោភាគីនិយមនិងការពារនិយម បានកើនឡើងយ៉ាងច្បាស់លាស់ ។ ការដាក់ចេញនូវ «ផែនការប្រតិបត្តិស្តីពីការលំនឹងទុនបរទេស» ច្បាប់នេះមិនត្រឹមតែមានអំណោយផលដល់ កិច្ចកសាងទំនើបកម្មតាមបែបផែនចិន ប៉ុណ្ណោះទេ ថែមទាំងក៏នឹងផ្តល់ឱកាសទីផ្សារកាន់តែច្រើន និងលំហអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព សម្រាប់ទុនបរទេសផងដែរ ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួមក្នុងប្រទេសចិន។
បើមើលពីខ្លឹមសារជាក់លាក់អាចឃើញថា «ផែនការប្រតិបត្តិ» នេះបានបូករួមទាំងវិធានការជាក់ស្តែងចំនួន ២០ ផ្នែកលើវិស័យចំនួន ៤ ដូចជា ការពង្រីកការបើកទូលាយដោយម្ចាស់ការ ប្រកបដោយរបៀបរៀបរយ លើកកម្ពស់កម្រិតជំរុញការបណ្តាក់ទុន បង្កើនប្រសិទ្ធភាពនៃវេទិកាបើកទូលាយនិងបង្កើនកម្លាំងធានាសេវាកម្មជាដើម ដើម្បីបង្កើនកម្រិតកៀរគរទុនបរទេស និងលំនឹងទុនបរទេសជាបន្តបន្ទាប់ ។ យោងតាមផែនការប្រតិបត្តិនេះ ប្រទេសចិននឹងពង្រីកកន្លែងសាកល្បង នៃការបើកទូលាយក្នុងវិស័យទូរគមនាគមន៍ សុខាភិបាលនិងការអប់រំជាដើម។
ដោយឈរលើមូលដ្ឋាននៃចិត្តស្មោះ និងកម្រិតកៀរគរទុនបរទេសរបស់ប្រទេសចិន យោងតាមរបាយការណ៍ដែលចេញផ្សាយ ដោយសភាពាណិជ្ជកម្មអាមេរិកនៅចិន នាពេលថ្មីៗកន្លងទៅនេះបង្ហាញថា តាមការប៉ាន់ប្រមាណ សហគ្រាសអាជីវកម្មប្រើប្រាស់ ចំនួនជិត ៧០ ភាគរយនឹងបង្កើនការវិនិយោគនៅប្រទេសចិនក្នុងឆ្នាំនេះ។ យោងតាមរបាយការណ៍ដែលចេញផ្សាយ ដោយសភាពាណិជ្ជកម្មអង់គ្លេសនៅចិនបង្ហាញថា សហគ្រាសដែលចូលរួមផ្ដល់បទសម្ភាសន៍ចំនួន ៧៦ ភាគរយបានថ្លែងថា នឹងរក្សាកម្រិតវិនិយោគបច្ចុប្បន្នឬបង្កើនការវិនិយោគ។ ដោយឡែកយោងតាម«របាយការណ៍ស៊ើបអង្កេតប្រចាំត្រីមាស អំពីបរិយាកាសប្រកបអាជីវកម្មរបស់សហគ្រាសជាសមាជិក» ដែលចេញផ្សាយដោយសភាពាណិជ្ជកម្មជប៉ុន នៅចិននាពេលថ្មីៗកន្លងទៅនេះបង្ហាញឱ្យឃើញថា សហគ្រាសទុនជប៉ុនចំនួន ៦៤ ភាគរយបានសម្តែង "ការពេញចិត្តខ្លាំងឬ "ពេញចិត្ត" ហើយសហគ្រាសទុនជប៉ុនចំនួន ៥៨ ភាគរយបានថ្លែងថា នឹងបង្កើនឬរក្សាការវិនិយោគនៅប្រទេសចិនក្នុងឆ្នាំនេះ។
គួរបញ្ជាក់ថា ផែនការប្រតិបត្តិនេះទាមទារយ៉ាងជាក់លាក់ថា គោលនយោបាយនិងវិធានការគ្រប់ប្រភេទនឹងត្រូវបានអនុវត្ត ប្រកបដោយប្រសិទ្ធភាពនៅមុនចុងឆ្នាំ ២០២៥ ។ នេះគឺជាការឆ្លើយតបយ៉ាងសកម្មរបស់ប្រទេសចិន ចំពោះសហគ្រាសទុនបរទេស ។ បើសម្លឹងមើលឱ្យវែងឆ្ងាយ សេដ្ឋកិច្ចរបស់ប្រទេសចិនមានមូលដ្ឋានរឹងមាំ ឧត្តមភាពច្រើន ភាពធន់និងសក្តានុពលយ៉ាងខ្លាំង លក្ខខណ្ឌទ្រទ្រង់និងនិន្នាការជាទូទៅដែលមានភាពល្អប្រសើរ ក្នុងរយៈពេលជាយូរមិនបានកែប្រែទេ ។ ស្របពេលដែលរដ្ឋាភិបាលចិនបានដាក់ចេញ នូវវិធានការមួយចំនួនស្តីពី ការលំនឹងទុនបរទេសកាន់តែច្រើន សហគ្រាសទុនបរទេសនឹងរកឃើញឱកាសកាន់តែច្រើន សម្រាប់ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន