(ប៊ែកឡាំង)៖ ក្រុមហ៊ុនផលិតរថយន្ត Audi របស់ក្រុមហ៊ុមមេ Volkswagen នឹងបង្កើនទិន្នផលរបស់ខ្លួន នៅទ្វីបអាមេរិកខាងជើង ហើយក្រុមហ៊ុន Mercedes នឹងបង្កើនផលិតកម្មនៅសហរដ្ឋអាមេរិករបស់ខ្លួន ខណៈបណ្តាក្រុមហ៊ុនផលិតរថយន្តរបស់អឺរ៉ុបនេះ កំពុងព្យាយាមការពារខ្លួនពួកគេ ប្រឆាំងនឹងការគំរាមកំហែងពន្ធ របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកត្រាំ បានដំឡើងពន្ធលើអាលុយមីញ៉ូម និងដែកថែប ហើយបានគំរាមយកពន្ធ២៥ភាគរយ លើការនាំចូលពីម៉ិកស៊ិក និងកាណដា ព្រមទាំងលើរថយន្ត និងគ្រឿងអេឡិចត្រូនិកទាំងអស់ ដែលនេះនឹងប៉ះពាល់ដល់ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប នៅពេលដែលពួកគេកំពុងខិតខំ ដើម្បីកាត់បន្ថយការចំណាយខ្ពស់ នៅក្នុងទីផ្សារក្នុងស្រុក និងកំពុងប្រយុទ្ធជាមួយការប្រកួតប្រជែង ពីប្រទេសចិន។

ពន្ធរបស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងមានកម្រិតខ្ពស់ នៅក្នុងរបៀបវារៈ នៅពេលដែលប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Maros Sefcovic ជួបជាមួយតំណាងឧស្សាហកម្មរថយន្ត ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ និងផលិតថ្ម នៅទីក្រុងប្រ៊ុចសែល នៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ និងការចូលទៅកាន់ទីផ្សារ សម្រាប់ក្រុមហ៊ុនក្នុងតំបន់។

ក្រុមហ៊ុន Audi ដែលបច្ចុប្បន្នមិនមានមូលដ្ឋានផលិត នៅសហរដ្ឋអាមេរិកនោះ គ្រោងនឹងផលិតរថយន្តដ៏សំខាន់បំផុតរបស់ខ្លួន សម្រាប់ទីផ្សារសហរដ្ឋអាមេរិក នៅក្នុងតំបន់ ហើយនឹងប្រកាសពីទីតាំងជាក់លាក់ ក្នុងឆ្នាំនេះ។ នេះបើតាមសម្តីនាយកប្រតិបត្តិក្រុមហ៊ុន បានប្រាប់ Reuters។

ជាមួយគ្នានោះ ប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Mercedes-Benz លោក Harald Wilhelm បានប្រាប់វិនិយោគិននៅថ្ងៃព្រហស្បតិ៍ថា ម៉ាកសញ្ញាប្រណិត ដែលនាំចេញរថយន្តប្រណិត និងប្រភេទស៊ីដាន ទៅសហរដ្ឋអាមេរិក ពីអឺរ៉ុបនេះ នឹងបង្កើនផលិតកម្ម នៅឯរោងចក្ររបស់ខ្លួន ក្នុងទីក្រុង Tuscaloosa រដ្ឋ Alabama ដើម្បីការពារខ្លួនគេ ពីការកើនឡើងភាពតានតឹងពាណិជ្ជកម្ម។

បណ្តាក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប បាននាំចេញរថយន្តប្រមាណ៨០០,០០០គ្រឿង ទៅកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំមុន, ប្រហែលនឹង៤ដង នៃចំនួនរថយន្តដែលបាននាំចេញដោយសហរដ្ឋអាមេរិក ទៅកាន់អឺរ៉ុប។ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្មអាមេរិកផ្លូវការ៕