(យូអិន)៖ កាលពីថ្ងៃសុក្រ ទី២១ ខែកុម្ភៈ សហរដ្ឋអាមេរិក បានស្នើឡើងនូវសេចក្តីសម្រេចមួយ របស់អង្គការសហប្រជាជាតិ (UN) ស្តីពីសង្រ្គាមអ៊ុយក្រែន ដែលមិនមានការលើកឡើងណាមួយឡើយ អំពីទឹកដីរបស់អ៊ុយក្រែន ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់​រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ AFP។

សំណើខាងលើរបស់ទីក្រុងវ៉ាស៉ីនតោន គឺចំពេលមានភាពតានតឹងនឹងគ្នាខ្លាំង រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយវាហាក់ប្រជែងជាមួយ សេចក្តីសម្រេចដាច់ដោយឡែកមួយទៀត ដែលផ្តួចផ្តើមឡើងដោយទីក្រុងកៀវកៀវ និងអឺរ៉ុប ថែមទៀតផង។

ខ្លឹមសារក្នុងសេចក្តីព្រាងនៃសេចក្តីសម្រេចរបស់អ៊ុយក្រែននិងអឺរ៉ុប សង្កត់ធ្ងន់អំពីភាពចាំបាច់ ក្នុងការបង្កើនកិច្ចប្រឹងប្រែងការទូត ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៉ី នៅក្នុងឆ្នាំនេះ ហើយថ្កោលទោសរុស្ស៉ី សម្រាប់ការឈ្លានពាន និងប្តេជ្ញាចំពោះបូរណភាពទឹកដី​របស់ទីក្រុងកៀវ។ សេចក្តីព្រាងនោះ ក៏បានលើកឡើងម្តងទៀត នូវការទាមទារលើកមុនៗរបស់មហាសន្និបាត UN ផងដែរ ដែលចង់​ឱ្យកងទ័ពរុស្ស៉ីដកថយជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ចេញពីអ៊ុយក្រែន។

ដោយឡែក សេចក្តីព្រាងរបស់ទីក្រុងវ៉ាស៉ីនតោនវិញ គ្រោងអំពាវនាវស្វែងរកទីបញ្ចប់ឱ្យឆាប់រហ័ស សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែដោយមិនមាននិយាយ អំពីបូរណភាពទឹក ដីរបស់អ៊ុយក្រែនឡើយ។ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN បានបង្ហាញការស្វាគមន៍ចំពោះសេចក្តីព្រាងនោះ ប៉ុន្តែ​បាននិយាយថា វាមិនបានលើកឡើងអំពីឫសគល់នៃជម្លោះ។ ម៉្យាងវិញទៀត ផ្ទុយពីសេចក្តីសម្រេចមុនៗ ដែលធ្លាប់ត្រូវបានស្នើ និងគាំទ្រដោយទីក្រុងវ៉ាស៉ីនតោន គឺសេចក្តីសម្រេចថ្មីចុងក្រោយនេះ ដែលផ្តួចផ្តើមឡើង មុនកិច្ចប្រជុំមហាសន្និបាត UN នាថ្ងៃចន្ទ​សប្តាហ៍ក្រោយ ចំខួប៣ឆ្នាំគត់នៃសង្រ្គាមនៅអ៊ុយក្រែន គឺពុំមានការរិះគន់លើទីក្រុងមូស្គូ នោះទេ។

គួរបញ្ជាក់ថា បើតាមការយល់ឃើញអ្នកជំនាញ មកពីវិទ្យាស្ថានស្រាវជ្រាវ International Crisis Group ខ្លឹមសារនៃសេចក្តីសម្រេច UN បែបនេះ ដែលមិនថ្កោលទោស ការឈ្លានពានរបស់រុស្ស៉ី ឬមិនលើកឡើងច្បាស់ៗ អំពីបូរណភាពទឹកដីរបស់អ៊ុយក្រែន គឺប្រៀបបីដូចជា អំពើក្បត់ចំពោះទីក្រុងកៀវ និងការមាក់ងាយចំពោះអឺរ៉ុប ហើយក៏ហាក់ដូចជា​បង្ហាញនូវការប្រមាថចំពោះគោលការណ៍ស្នូល នៃច្បាប់អន្តរជាតិផងដែរ៕