(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកសម្រេចដកតំណែង ប្រមុខកងទ័ពអាមេរិក លោក Charles Q Brown ដែលត្រូវបានតែងតាំងដោយ អតីតប្រធានាធិបតី លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្នុងសេចក្តីប្រកាសខាងលើ លោក ត្រាំ បានអរគុណលោក Brown សម្រាប់កិច្ចខិតខំបម្រើប្រទេសជាតិ រាប់សិបឆ្នាំរបស់លោក ហើយបានប្រកាសតែងតាំង លោក Dan Caine ជាប្រធានអគ្គសេនាធិការចម្រុះបន្ទាប់។ លោក Brown ហើយនិងលោក Caine សុទ្ធតែជា​ជាឧត្តមសេនីយ៍ មកពីកងទ័ពអាកាសអាមេរិក។

គួរបញ្ជាក់ថា លោក Charles Q Brown គឺជាមន្រ្តីយោធាស្បែកខ្មៅទី២ ក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលបានកាន់តួនាទីជា ប្រធានអគ្គសេនាធិការចម្រុះ បន្ទាប់ពីលោក Colin Powell ដែលធ្លាប់កាន់តំណែងនេះ ចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣។ លោក Brown បានធ្វើជា ប្រធានអគ្គសេនាធិការចម្រុះ ឬហៅថាប្រមុខកងទ័ពរបស់អាមេរិក ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ អំឡុងអាណត្តិលោក បៃដិន៕