(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យមានទំនាក់ទំនងរឹងមាំជាមួយទីក្រុងវ៉ាស៉ីនតោន នៅពេលដែលលោកបានជួបបេសកជនអាមេរិក លោក Keith Kellogg ក្នុងរដ្ឋធានីកៀវ និងមួយថ្ងៃបន្ទាប់ពីលោក ដូណាល់ ត្រាំ ហៅលោក ហ្សេលេនស្គី ថាជាជនផ្តាច់ការ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២៥។

កន្លងមក សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាដ៏ធំសម្រាប់អ៊ុយក្រែន ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ទីក្រុងកៀវ និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន ហើយងាកទៅបើកកិច្ចចរចាជាមួយរុស្ស៉ី។ ភាពតានតឹងរវាងលោក ហ្សេលេនស្គី និងលោក ត្រាំ ជុំវិញបញ្ហាទំនាក់ទំនងជាមួយរុស្ស៉ី បានផ្ទុះឡើងក្នុងសប្តាហ៍នេះ ហើយក្លាយជារឿងត្រូវចាប់អារម្មណ៍ ក្នុងសន្និសីទសារព័ត៌មាននានា និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

បន្ទាប់ពីជួបលោក Kellogg បេសកជនអាមេរិកទទួលបន្ទុកកិច្ចការអ៊ុយក្រែន និងរុស្ស៉ី លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «យើងមានការសន្ទនាលម្អិតអំពីស្ថានភាពនៅសមរភូមិ របៀបនាំយកឈ្លើយសឹករបស់យើងមកវិញ និងការធានាបាននូវសន្តិសុខ»។ លោកបន្ថែមថា «ទំនាក់ទំនងរឹងមាំនៃអ៊ុយក្រែន-អាមេរិក ផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូល»

គួរបញ្ជាក់ថា គ្មានសន្និសីទសារព័ត៌មាន ឬសេចក្តីថ្លែងការណ៍រួមណាមួយឡើយ ក្រោយជំនួបរវាងលោក ហ្សេលេនស្គី និងលោក Kellogg ដូចដែលជាធម្មតានឹងមាន ក្រោយការបំពេញទស្សនកិច្ចរបស់បេសកជនបរទេស៕