Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីការបរទេសអាមេរិក៖ ជំនួបរវាងលោក ត្រាំ និងលោក ពូទីន នឹងអាស្រ័យលើ វឌ្ឍនភាពនៃកិច្ចប្រឹងប្រែងបញ្ចប់សង្រ្គាមអ៊ុយក្រែន (Video inside)

21-02-2025 15:00

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងអាស្រ័យទៅលើថា តើអាចមានភាពរីកចម្រើនកម្រិតណា ក្នុងកិច្ចប្រឹងប្រែងស្វែងរកទីបញ្ចប់ សម្រាប់សង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Rubio បាននិយាយថា រូបលោកបានជជែករឿងជំនួបនេះ នៅពេលដែលលោក បានជួបរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ ហើយលោកបានប្រាប់ទៅកាន់លោក Lavrov និងក្រុមមន្រ្តីរុស្ស៉ីថា «វានឹងមិនអាចមាន​កិច្ចប្រជុំរវាងលោក ត្រាំ និងលោក ពូទីន កើតឡើងឡើយ រហូតទាល់តែយើងដឹងច្បាស់សិនថា កិច្ចប្រជុំនោះនឹងនិយាយអំពីអ្វី»។ លោក Rubio បានបន្តថា «បើតាមគំនិតខ្ញុំ ជំនួបនោះនឹងកើតឡើងនៅពេលណា គឺអាស្រ័យលើថា តើពួកយើងអាចសម្រេចបានវឌ្ឍនភាពឬអត់ ក្នុងកិច្ចប្រឹងប្រែងប​ញ្ចប់សង្រ្គាម នៅអ៊ុយក្រែន»

គួរបញ្ជាក់ថា ក្រោយជំនួបរវាងក្រុមមន្រ្តីអាមេរិក-រុស្ស៉ី នៅអារ៉ាប៊ីសាអូឌីត លោក ត្រាំ ដែលបានសន្ទនាតាមទូរស័ព្ទជាមួយ លោក ពូទីន កាលពីសប្តាហ៍មុន បាននិយាយថា រូបលោកប្រហែលអាចនឹងជួបលោក ពូទីន មុនដំណាច់ខែនេះ។ យ៉ាងណាមិញ លោក Rubio បាននិយាយថា រូបលោកមិនច្បាស់ឡើយថា ជំនួបរវាងលោក ត្រាំ និងលោក ពូទីន នឹងកើតឡើង នៅពេលណា។ កិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីព្យាយាមបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយឆាប់រហ័ស បានធ្វើឱ្យអ៊ុយក្រែន និងអឺរ៉ុបភ័យព្រួយថា ពួកគេនឹងត្រូវផាត់ចេញទាំងស្រុង ពីកិច្ចចរចាសន្តិភាព ប៉ុន្តែលោក Rubio បានអះអាងថា សហរដ្ឋអាមេរិក បានពិគ្រោះយោបល់​ជាមួយភាគីទាំងអស់៕