Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី ថាជំនួបជាមួយបេសកជនអាមេរិក ស្តារក្តីសង្ឃឹមឡើងវិញ ដើម្បីស្វែងរកការព្រមព្រៀងគ្នា (Video inside)

21-02-2025 14:26

(កៀវ)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការដោយឆាប់រហ័ស ដើម្បីសម្រេចឱ្យបានការព្រមព្រៀងគ្នារឹងមាំមួយ ស្តីពីការវិនិយោគ និងសន្តិសុខជាមួយសហរដ្ឋអាមេរិក ហើយបញ្ជាក់ថា ជំនួបជាមួយបេសកជនអាមេរិក លោក Keith Kellogg កំពុងស្តារក្តីសង្ឃឹម សម្រាប់ភាពជោគជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រោយជួបពិភាក្សាជាមួយ ប្រេសិតទទួលបន្ទុកបញ្ហាអ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនចាំបាច់ត្រូវធានាថា សន្តិភាពត្រូវតែរឹងមាំនិងយូរអង្វែង ដើម្បីកុំឱ្យរុស្ស៉ីអាចត្រឡប់មកធ្វើសង្រ្គាមវិញបាន។ លោកប្រធានាធិបតីអ៊ុយក្រែន បានបន្តថា ប្រទេសរបស់លោក ត្រៀមលក្ខណៈជាស្រេច សម្រាប់កិច្ចព្រមព្រៀងវិនិយោគនិងសន្តិសុខមួយ ដែលរឹងមាំនិងមានប្រសិទ្ធភាព ជាមួយអាមេរិក។

គួរបញ្ជាក់ថា ជំនួបពិភាក្សាជាមួយលោក Kellogg នៅទីក្រុងកៀវ កើតមានឡើង បន្ទាប់ពីអ៊ុយក្រែន បានបដិសេធសំណើដំបូង​របស់សហរដ្ឋអាមេរិក ស្តីពីការអភិវឌ្ឍរ៉ែកម្រនៅអ៊ុយក្រែន ហើយបន្ទាប់ពីលោក ហ្សេលេនស្គី និងលោក ត្រាំ ទើបតែបានផ្ទុះសង្រ្គាមពាក្យសម្តីដាក់គ្នា កាលពីថ្ងៃពុធ ស្របពេលដែលអាមេរិក បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយរុស្ស៉ី ដើម្បីស្វែងរកសន្តិភាព សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ខណៈអ៊ុយក្រែន មិនត្រូវបានអញ្ជើញឱ្យចូលរួម៕