Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីភ្នាក់ងារប្រមូលពន្ធរបស់សហរដ្ឋអាមេរិក នឹងកាត់បន្ថយបុគ្គលិកប្រហែល ៦ ០០០នាក់ ក្រោមគោលនយោបាយរបស់លោក ត្រាំ (Video inside)

21-02-2025 11:18

(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារប្រមូលចំណូលពន្ធរបស់សហរដ្ឋអាមេរិក ហៅកាត់ IRS គ្រោងបញ្ឈប់បុគ្គលិកប្រហែល ៦ ០០០នាក់ ដោយបើតាមអ្នកដឹងអំពីបញ្ហានេះ វានឹងកាត់បន្ថយកម្លាំងប្រហែល ៦ភាគរយ ចំពាក់កណ្តាលរដូវកាលប្រមូលពន្ធដ៏មមាញឹក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២៥។

IRS មានបុគ្គលិកប្រហែល ១០០ ០០០នាក់ បើធៀបនឹង ៨០ ០០០នាក់ មុនពេលអតីតប្រធានាធិបតី លោក ចូ បៃដិន ចូលកាន់តំណែងនាឆ្នាំ ២០២១។ ប្រធានផ្នែកធនធានមនុស្សរបស់ IRS លោកស្រី Christy Armstrong បាននិយាយទាំងក្តុកក្តូល ប្រាប់ក្រុមការងារតាមទូរស័ព្ទថា «បុគ្គលិកប្រហែល ៦ ០០០នាក់នឹងត្រូវបញ្ឈប់ពីការងារ ហើយលើកទឹកចិត្តពួកគេឱ្យជួយគ្នាទៅវិញទៅមក»

អ្នកដែលត្រូវបញ្ឈប់អាចមានចំនួនសរុប ៦ ៧០០នាក់ ហើយភាគច្រើនជាអ្នកដែលត្រូវបានជ្រើសរើស អំឡុងពេលនៃអាណត្តិរបស់លោក បៃដិន ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រមូលពន្ធពីក្រុមអ្នកមាននៅអាមេរិក។ គណបក្ស​សាធារណរដ្ឋ​ជំទាស់នឹងកិច្ចប្រឹងប្រែងនេះ ដោយ​លើក​ហេតុផល​ថា វា​នឹង​នាំ​ទៅ​រក​ការ​យាយី​ចំពោះ​ពលរដ្ឋ​អាមេរិកទូទៅ​។

គួរបញ្ជាក់ថា អ្នកវិភាគឯករាជ្យ បានប៉ាន់ប្រមាណថា ការជ្រើសរើសបុគ្គលិកប្រមូលពន្ធបន្ថែម នៅក្រោមការដឹកនាំរបស់លោក បៃដិន គឺបានជួយទៅដល់កិច្ចប្រឹងប្រែងបង្កើនប្រាក់ចំណូលរដ្ឋ និងបង្រួមឱនភាពថវិការាប់ពាន់លានដុល្លារ៕