(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់សមភាគី G20 របស់លោកថា «បង្អូចសន្តិភាពមួយ» កំពុងបើកចំហសម្រាប់វិបត្តិអ៊ុយក្រែន ប៉ុន្មានថ្ងៃបន្ទាប់ពីមន្ត្រីការទូតកំពូលអាមេរិក និងរុស្ស៉ី បានជួបពិភាក្សាគ្នានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងទៅកាន់ក្រុមរដ្ឋមន្ត្រីការបរទេសនៅឯកិច្ចប្រជុំ G20 ក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ លោកប្រមុខការទូតចិនបានគូសបញ្ជាក់ដូច្នេះថា «ចិនបានកត់សម្គាល់ឃើញថា ការអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពកំពុងកើនឡើងថ្មីៗនេះ ហើយបង្អួចសន្តិភាពមួយកំពុងបើកចំហ»។ លោក វ៉ាង ក៏បានបន្ថែមដែរថាចិនគាំទ្ររាល់កិច្ចប្រឹងប្រែងអំណោយផលទាំងអស់ដើម្បីសន្តិភាព (នៅអ៊ុយក្រែន) ក្នុងនោះរួមមានទាំងការឈានដល់ការព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី»។
គួរបញ្ជាក់ថា នៅឯកិច្ចប្រជុំក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារសប្ដាហ៍នេះ រុស្ស៉ី និងសហរដ្ឋអាមេរិក បានឯកភាពគ្នាលើការបង្កើតក្រុមការងារមួយ ដើម្បីចរចាស្វែងរកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមដែលបានផ្ទុះឡើងនៅពេលរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕