(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គឺជាមេដឹកនាំស្របច្បាប់ម្នាក់ ហើយខុសគ្នាពីលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន លោក ហ្សេលេនស្គីបានឡើងកាន់អំណាចតាមរយៈការបោះឆ្នោតដោយសេរីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអត្ថាធិប្បាយរបស់លោក ម៉ាក្រុង ទំនងជាចង់ឆ្លើយតបទៅនឹងលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានហៅលោក ហ្សេលេនស្គីថាជនផ្ដាច់ការដោយគ្មានការបោះឆ្នោត។ អាណត្តិជា ៥ឆ្នាំ ជាប្រធានាធិបតីរបស់លោក ហ្សេលេនស្គី ត្រូវបានសន្មត់ថាបានផុតកំណត់កាលពីឆ្នាំ២០២៤ តែការបោះឆ្នោតមិនអាចធ្វើទៅកើតទេ នៅក្រោមច្បាប់អាជ្ញាសឹកដែលទីក្រុងកៀវ បានប្រកាសដាក់ ឱ្យប្រើក្នុងខែកុម្ភៈ ឆ្នាំ២០២២ ជាការឆ្លើយតបទៅនឹងការឈ្លានពានពីរុស្ស៉ី។
តាមលោក ម៉ាក្រុង ធ្វើការអត្ថាធិប្បាយបែបនេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងនៃរដ្ឋាភិបាលរបស់លោកដែលកំពុងព្យាយាមពន្យល់ឱ្យប្រជាជនបារាំងយល់ដឹងពីផលប៉ះពាល់បង្កឡើងដោយសង្រ្គាម នៅអ៊ុយក្រែន តួនាទីការទូតរបស់បារាំង និងការផ្លាស់ប្ដូរគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះសង្រ្គាមនេះ ចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែងមក៕