(ប៉េកាំង)៖ ចិន កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ បានបង្ហាញការគាំទ្រចំពោះកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពអ៊ុយក្រែនរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំ G20 ក្នុងប្រទេស អាហ្វ្រិកខាងត្បូង ខណៈសម្ព័ន្ធមិត្តអឺរ៉ុបរបស់អាមេរិកនាំគ្នាគាំទ្រលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក មួយខែមកនេះ លោក ត្រាំ បានផ្លាស់ប្ដូរទាំងស្រុងនូវគោលនយោបាយអាមេរិកស្ដីពីសង្រ្គាមអ៊ុយក្រែន ហើយបិទបញ្ចប់យុទ្ធនាការកាត់ផ្ដាច់ទីក្រុងមូស្គូឱ្យឯកោ ពីពិភពលោក ជាមួយការចាប់ផ្ដើមកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក៏ដូចជារៀបចំកិច្ចប្រជុំរវាងក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៉ី ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយផាត់អ៊ុយក្រែន និងអឺរ៉ុបចេញ។ មិនតែប៉ុណ្ណោះ លោក ត្រាំ កាលពីថ្ងៃពុធសប្ដាហ៍នេះថែមទាំងបានហៅលោក ហ្សេលេនស្គីថាជនផ្ដាច់ការទៀតផង ជាហេតុជំរុញឱ្យប្រទេសជាសមាជិក G20 និងជាសម្ព័ន្ធមិត្តរបស់អាមេរិក រួមមាន អូស្ត្រាលី អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានចេញសេចក្ដីថ្លែងការណ៍គាំទ្រលោក ហ្សេលេនស្គីរៀងៗខ្លួន។
ចំណែកឯចិនវិញ តាមរយៈរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី បានប្រាប់ក្រុមរដ្ឋមន្ត្រីការបរទេសនៅឯកិច្ចប្រជុំ G20 ក្នុងទីក្រុង Johannesburg ថា «ចិនគាំទ្ររាល់កិច្ចប្រឹងប្រែងអំណោយផលទាំងអស់ដើម្បីសន្តិភាព (នៅអ៊ុយក្រែន) ក្នុងនោះរួមមានទាំងការឈានដល់ការព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី»។ លោក វ៉ាងបន្តថា «ចិនមានឆន្ទៈបន្តដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា ដើម្បីចូលរួម ចំណែកក្នុងដំណោះស្រាយនយោបាយបិទបញ្ចប់ជម្លោះ»។ ប៉ុន្តែ លោកប្រមុខការទូតចិន មិនបានបញ្ជាក់ជាថ្មីឡើងវិញពីចំណុចសំខាន់ៗដែលលោកបានលើកឡើងនៅឯសន្និសីទសន្តិសុខ Munich កាលពីថ្ងៃសុក្រសប្ដាហ៍ ដែលថាភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះរុស្ស៉ី និងអ៊ុយក្រែនគួរតែចូលរួមក្នុងកិច្ចចរចាសន្តិភាពណាមួយនោះទេ។
គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ កាលពីអង្គារសប្ដាហ៍នេះ បាននិយាយថាខ្លួនបានយល់ព្រមរៀបចំកិច្ចចរចាបន្ថែមជាមួយរុស្ស៉ី ស្ដីពីការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជិត ៣ឆ្នាំមកនេះ បន្ទាប់ពី បានជួបពិភាក្សាគ្នាអស់ពេលជាង ៤ម៉ោងកន្លះ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕