នាយករដ្ឋមន្ត្រីអេស្ប៉ាញ នឹងបំពេញទស្សនកិច្ចនៅអ៊ុយក្រែន, បញ្ជាក់ពីការគាំទ្រលោក Zelenskiy (Video inside)
20-02-2025 21:35
(ម៉ាឌ្រីដ)៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez គ្រោងនឹងធ្វើដំណើរ ទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីបង្ហាញពីការគាំទ្រដល់ប្រធានាធិបតី Volodymyr Zelenskiy និងលទ្ធិប្រជាធិបតេយ្យរបស់អ៊ុយក្រែន។ នេះបើតាមការប្រកាសរបស់លោក នៅថ្ងៃព្រហស្បតិ៍នេះ ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាន ហៅលោក Zelenskiy ថាជា «ជនផ្តាច់ការ» ខណៈការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ស្តីពីសង្រ្គាមរយៈពេលបីឆ្នាំនៅអ៊ុយក្រែន បានបង្កើនការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិកនៅអឺរ៉ុប ជុំវិញវិធីសាស្ត្ររបស់លោក ត្រាំ ក្នុងការបញ្ចប់ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន អាចនឹងផ្តល់ផលប្រយោជន៍ដល់ទីក្រុងម៉ូស្គូ។
«ខ្ញុំនឹងនៅទីក្រុងកៀវ នៅថ្ងៃចន្ទដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ប្រទេស អេស្ប៉ាញ ចំពោះលទ្ធិប្រជាធិបតេយ្យអ៊ុយក្រែន និងប្រធានាធិបតី Zelenskiy» លោក Sanchez បានសរសេរនៅលើបណ្តាញសង្គម X នៅថ្ងៃព្រហស្បតិ៍នេះ៕