(ម៉ូស្គូ)៖ វិមានក្រឹមឡាំង បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ផែនការណាមួយក្នុងការបញ្ជូនទាហានអឺរ៉ុប ទៅកាន់អ៊ុយក្រែន ក្នុងនាមជាកងរក្សាសន្តិភាព គឺ «មិនអាចទទួលយកបាន» ដាច់ខាតសម្រាប់រុស្ស៊ី ហើយនឹងត្រូវចាត់ទុកជាការគំរាមកំហែងដោយ ផ្ទាល់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥។

ការព្រមាននេះ ធ្វើឡើងក្រោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បង្ហើប ពីគម្រោងស្នើទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យបញ្ជូនទាហានអឺរ៉ុបប្រមាណ ៣០,០០០ នាក់ ទៅអ៊ុយក្រែន ជាថ្នូរនឹងការធានាសន្តិសុខពីសំណាក់អាមេរិក។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងថា សំណើដែលត្រូវបានរាយការណ៍នេះ គឺមិនអាចទទួលយកបានទេ ព្រោះវានឹងមានការចូលរួមពីកងម្លាំង មកពីរដ្ឋសមាជិកណាតូ ហើយដូច្នេះអាចប៉ះពាល់ដល់សន្តិសុខផ្ទាល់របស់រុស្ស៊ី។

លោក Peskov បាននិយាយដូច្នេះថា «យើងកំពុងនិយាយអំពីលទ្ធភាព...នៃការបញ្ជូនកងកម្លាំងយោធា ពីបណ្តាប្រទេសណាតូទៅកាន់អ៊ុយក្រែន... វា​មាន​ន័យ​ខុសគ្នា​ ទាំងស្រុង​ ពី​ទស្សនៈ​នៃ​សន្តិសុខ​របស់​យើង...ហើយយើងកំពុងតាមដានរឿងនេះយ៉ាងដិតដល់»

គួរបញ្ជាក់ថា រុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ខ្លួនប្រឆាំងនឹងការមានកងទ័ពណាតូនៅលើដីនៅអ៊ុយក្រែន ដោយរដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov បាននិយាយ កាលពីសប្តាហ៍មុនថា ទីក្រុងម៉ូស្គូនឹងចាត់ទុកនោះ ជាការគំរាមកំហែងដោយផ្ទាល់ ចំពោះអធិបតេយ្យភាពរបស់រុស្ស៊ី ទោះបីជាកងទ័ពបានធ្វើប្រតិបត្តិការនៅទីនោះ ក្រោមទង់ផ្សេងក៏ដោយ។

ក្នុងអំឡុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក នៅទីក្រុងរីយ៉ាដ កាលពីថ្ងៃអង្គារ រុស្ស៊ី បានទាមទារឱ្យអង្គការណាតូ លុបចោលជាផ្លូវការនូវការសន្យា ឆ្នាំ ២០០៨ របស់ខ្លួន ដែលថាអ៊ុយក្រែន នឹងអាចចូលជាសមាជិក នៃសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិក ថ្ងៃណាមួយ។ ទន្ទឹមនឹងនោះ រុស្ស៊ីក៏បានបដិសេធគំនិតដែលថា កងកម្លាំងមកពីរដ្ឋសមាជិកណាតូ អាចនឹងដើរតួជាអ្នករក្សាសន្តិភាព ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ណាមួយ៕