Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ីដណ្តើមបានមកវិញ ៦៤ភាគរយនៃទឹកដីដែលអ៊ុយក្រែនកាន់កាប់ នៅតំបន់ Kursk, នេះបើតាមការអះអាងរបស់ទីក្រុងមូស្គូ

20-02-2025 17:01

(មូស្គូ)៖ មេដឹកនាំយោធាជាន់ខ្ពស់ម្នាក់របស់រុស្ស៉ី បានអះអាងនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៉ីដណ្តើមបានមកវិញ ៦៤ភាគរយ នៃទឹកដីដែលកងកម្លាំងរបស់អ៊ុយក្រែន វាយកាន់កាប់នៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៉ី ចាប់តាំងពីទីក្រុងកៀវ បានឆ្មក់បើកការបើកវាយលុកទ្រង់ទ្រាយធំ នៅទីនោះ កាលពីខែសីហា ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក Sergei Rudskoi ដែលជានាយអគ្គសេនាធិការរងទី១ នៃយោធារុស្ស៉ី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ផ្ទៃដីសរុប​ជាង៨០០គីឡូម៉ែត្រក្រឡា ត្រូវបានរំដោះយកមកវិញ ដែលស្មើនឹងខ្ទង់៦៤ភាគរយ នៃទឹកដីដែលពីដំបូងឡើយ ត្រូវបានអ៊ុយក្រែន ឆ្មក់វាយយកទៅកាន់កាប់។ ដោយផ្អែកលើសម្តីលោក Rudskoi គិតត្រឹមពេលនេះ កងកម្លាំងរបស់អ៊ុយក្រែន ទំនងនៅគ្រប់គ្រងទឹកដី​ជាង៤០០គីឡូម៉ែត្រក្រឡាទៀត ក្នុងតំបន់ Kursk។ តំបន់នេះមានទំហំសរុបជិត៣០ ០០០គីឡូម៉ែត្រក្រឡា។

លោក Rudskoi ក៏បានអះអាងដែរថា តំបន់ Donetsk, Zaporizhzhia និង Kherson របស់អ៊ុយក្រែន ត្រូវបានរុស្ស៉ីកាន់កាប់ប្រហែល៧៥ភាគរយ ខណៈនៅតំបន់ Lugansk អ៊ុយក្រែនគ្រប់គ្រងមិនដល់១ភាគរយឡើយ។ ក្រោយចាប់ផ្តើមសង្រ្គាមឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៉ីបានប្រកាសកាត់បញ្ចូលតំបន់ទាំង៤ របស់អ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់ខ្លួន ទោះមិនទាន់គ្រប់គ្រងពួកវាទាំងស្រុងក៏ដោយ។

គួរបញ្ជាក់ថា បើតាមមន្រ្តីយោធាជាន់ខ្ពស់រុស្ស៉ីរូបនេះ កាលពីឆ្នាំ២០២៤ រុស្ស៉ីវាយយកបានទឹកដីជិត ៤៥០០គីឡូម៉ែត្រក្រឡាបន្ថែម នៅអ៊ុយក្រែន ខណៈគិតចាប់តាំងពីដើមឆ្នាំ២០២៥ មកទល់ពេលនេះ រុស្ស៉ីដណ្តើមបានជាង៦០០គីឡូម៉ែត្រក្រឡាទៀត។ ជាចុងក្រោយ លោក Rudskoi បាននិយាយថា អ៊ុយក្រែនហាក់លែងមានសមត្ថភាព ដើម្បីបង្កើតការប្រែប្រួលខ្លាំង ចំពោះស្ថានការណ៍នៅលើ​សមរភូមិ បានតទៀតហើយ៕