(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណ បានប្រកាសថា ខ្លួនកំពុងណែនាំដល់អង្គភាពយោធានានា ឱ្យរៀបចំបញ្ជីកាត់បន្ថយថវិកា ដើម្បីអាចយកថវិកាសរុបប្រហែល ៥០ពាន់លានដុល្លារពីកញ្ចប់ថវិកាប្រចាំឆ្នាំ ២០២៦ មកបំពេញទិសដៅអាទិភាពរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងវិស័យការពារជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥។
ការពិនិត្យឡើងវិញនេះ អាចឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth អនុវត្តតាមគោលដៅវិនិយោគបន្ថែមទៀត នៅក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក ហើយផ្តល់អាទិភាពដល់ការធានាសន្តិសុខព្រំដែនជាមួយម៉ិកស៉ិក និងកំណែទម្រង់ផ្សេងៗទៀត។ គេមិនទាន់ប្រាកដទេថា វាជាបំណងសន្សំសំចៃលើការចំណាយ ដែលនាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល សំដៅមកមន្ទីរបញ្ចកោណឬយ៉ាងណា ខណៈមន្រ្តីស៉ីវិលកំពុងប្រឈមមុខនឹងការកាត់បន្ថយការងារ។
លោក Robert Salesses អនុរដ្ឋមន្រ្តីការពារជាតិអាមេរិក និយាយថា យោធានឹងរៀបចំបញ្ជីសន្សំមួយ ក្រោយពិនិត្យលើ ការចំណាយរបស់រដ្ឋបាលមុន។ លោក Salesses បញ្ជាក់ថា «ការរៀបចំឡើងវិញនេះ នឹងកំណត់គោលដៅ ៨ភាគរយ នៃកញ្ចប់ថវិកាប្រចាំឆ្នាំ ២០២៦ ដែលដាក់ចេញដោយអតីតរដ្ឋបាល លោក បៃដិន សរុបប្រហែល ៥០ពាន់លានដុល្លារ បន្ទាប់មកនឹងយកទៅចំណាយលើកម្មវិធី ដែលស្របតាមអាទិភាពរបស់លោកប្រធានាធិបតី ត្រាំ»។
គួរបញ្ជាក់ថា ថវិកាប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណ កំពុងខិតជិតដល់ ១ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំ។ កាលពីខែធ្នូ ឆ្នាំមុន លោក បៃដិន បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ដែលនឹងអនុញ្ញាតឱ្យមានការចំណាយលើវិស័យការពារជាតិចំនួន ៨៩៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៥ ដែលបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា៕