(អ៊ីស្លាមបាដ)៖ រដ្ឋាភិបាលប្រទេសប៉ាគីស្ថានបានប្តេជ្ញាថា នឹងធ្វើយ៉ាងណារារាំងមិនឲ្យមានការធ្វើការតវ៉ា ប្រឆាំងណាមួយនៅក្នុងរដ្ឋធានីអ៊ីស្លាមបាដនោះឡើយ ប្រសិនបើមេដឹកនាំគណបក្សប្រឆាំងលោក Imran Khan នៅតែបន្តផែនការរបស់ខ្លួនដែលចង់ផ្តួលរំលំរដ្ឋាភិបាល និងបង្កជាភាពរាំងស្ទះនៅក្នុងរដ្ឋធានី ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា តទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ អ្នកនាំពាក្យរដ្ឋាភិបាលលោក Pervaizz Rashid បានអះអាងថាព្រឹត្តិការណ៍ដូចកាលពីឆ្នាំ២០១៤ នឹងមិនអាចកើតឡើងបានសាជាថ្មី ទៀតនោះឡើយ ខណៈពេលដែលលោក Imran Khan បានបញ្ជាក់ថានឹងមានមនុស្សចំនួនមួយលាននាក់ចូលរួមធ្វើបាតុកម្ម នៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ។ លោក Rashid បានលើកឡើងដូច្នេះថា «វាគឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ក្នុងការធានាឲ្យបានថា ជីវិតរស់នៅរបស់ប្រជាជននៅក្នុងរដ្ឋធានីនៅតែបន្តទៅដូចធម្មតា ហើយច្បាប់នឹង ប្រឆាំងជនទាំងឡាយណាដែលព្យាយាម ចង់បិទទីក្រុងអ៊ីស្លាមបាដ»។
លោក Imran Khan បាននិយាយថា ការធ្វើបាតុកម្មតវ៉ាប្រឆាំងដែលលោកគ្រោងនឹងដឹកនាំធ្វើឡើងនេះ នឹងបង្ខំឲ្យមានការបិទទ្វារសាលារៀន ការិយាល័យសាធារណៈ ដងវិថីនានាភ្ជាប់ទៅកាន់រដ្ឋធានី អ៊ីស្លាម៉ាបាដ រួមទាំងអាកាសយានដ្ឋានផងដែរ រហូតទាល់តែនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Nawaz Sharif លាលែងពីតំណែងឬក៏យល់ព្រមឲ្យគេ បើកការស៊ើបអង្កេតទៅលើរូបលោក។
ប្រធានគណបក្សប្រឆាំងរូបនេះបានបន្តថា «គ្មានសមត្ថកិច្ចណាដែលអាចបញ្ឈប់មនុស្សចំនួនមួយលាននាក់ បាននោះឡើយ» ហើយលោកបាននិយាយសំដៅទៅលើលោក Sharif យ៉ាងដូច្នេះថា «Nawaz Sharif… នៅក្នុងរយៈពេល០៧ខែ អ្នកមិនបានយល់ព្រមឲ្យអាជ្ញាធរស៊ើបអង្កេតឬក៏លាលែងពីតំណែងនោះឡើយ ឥឡូវនេះអ្នកឯងមិនអាចរត់គេចខ្លួនពីថ្ងៃទី០២ ខែវិច្ឆិកាបាននោះទេ»។
គួរបញ្ជាក់ដែរថាកាលពីឆ្នាំ២០១៤ លោក Imran Khan បានដឹកនាំការធ្វើបាតុកម្មទ្រង់ទ្រាយធំមួយ នៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ បន្ទាប់ពីលោកបានបដិសេធមិនទទួលស្គាល់ ការជាប់ឆ្នោតជា នាយករដ្ឋមន្រ្តី ប៉ាគីស្ថានរបស់លោក Nawaz Sharif ដោយលោក Khan បានចោទលោក Sharif ថាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងការបែកធ្លាយឯកសារសម្ងាត់ Panama Papers ដើមឆ្នាំនេះ៕