(ប៉េកាំង)៖ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈតទៅ រដ្ឋបាលជាតិគ្រប់គ្រងជនអន្តោប្រវេសន៍នៃប្រទេសចិនបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះក្រុមអ្នកទេសចរ មកពីបណ្តាប្រទេសអាស៊ានចូលទៅកាន់តំបន់ស្វយ័ត Xishuangbanna ខេត្តYunnan ប្រទេសចិន។
ក្រុមអ្នកទេសចរមកពីបណ្ដាប្រទេសអាស៊ានចំនួន១០ នោះរួមមាន កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន សិង្ហបុរី ប្រ៊ុយណេ វៀតណាម ឡាវ និង មីយ៉ាន់ម៉ា។ លក្ខខណ្ឌដើម្បីទទួលបានការលើកលែងទិដ្ឋាការនេះ ក្រុមអ្នកទេសចរត្រូវមានមនុស្សចាប់ពី ២នាក់ឡើងទៅ កាន់លិខិតឆ្លងដែនធម្មតា និងតាមរយៈការរៀបចំ និងទទួលពីទីភ្នាក់ងារទេសចរណ៍នៅក្នុងប្រទេសចិន។
ក្រុមអ្នកទេសចរអាចចូល និងចាកចេញពីដែនដីប្រទេសចិនដោយមានការលើកលែងទិដ្ឋាការតាម នៅច្រកអាកាសយានដ្ឋានអន្តរជាតិ Gasa Xishuangbanna ច្រកព្រំដែនផ្លូវដែក Mohan និងច្រកព្រំដែនផ្លូវគោក Mohan ដោយអាចចល័តនៅក្នុងដែនតំបន់រដ្ឋបាលតំបន់ស្វយ័ត Xishuangbanna ខេត្ត Yunnan ព្រមទាំងអាចស្នាក់នៅមិនលើសពី ៦ថ្ងៃ។
ជាការពិត មិនត្រឹមតែបណ្តាប្រទេសអាស៊ានប៉ុណ្ណោះទេ តាមការដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់នាពេលកន្លងទៅនេះ វិសាលភាពលើកលែងទិដ្ឋាការរបស់ប្រទេសចិនកំពុងពង្រីកជាបន្តបន្ទាប់ ហើយនិន្នាការនៃការអភិវឌ្ឍទីផ្សារទេសចរណ៍ ការធ្វើដំណើរចូលព្រំដែនប្រទេសចិនទាំងមូលកំពុងរីកចម្រើនយ៉ាងខ្លាំង។
យោងតាមទិន្នន័យពីរដ្ឋបាលជាតិគ្រប់គ្រងជនអន្តោប្រវេសន៍នៃប្រទេសចិនឃើញថា ស្ថាប័នត្រួតពិនិត្យច្រកព្រំដែននៅទូទាំងប្រទេសចិនបានធានាការធ្វើដំណើរចេញចូលដែនរបស់អ្នកធ្វើដំណើរជនជាតិចិន និងបរទេសសរុបចំនួនជាង១៤ លាននាក់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលបានកើនឡើង ៦,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមនោះ មានជនបរទេសចំនួន ៩៥,៨ម៉ឺននាក់ ដែលបានកើនឡើង ២២.៩%បើធៀបនឹងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនកាលពីឆ្នាំមុន៕