Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក យូន ក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេរបស់កូរ៉េខាងត្បូង ដែលចូលរួមក្នុងសវនាការលើសំណុំរឿងព្រហ្មទណ្ឌ (Video inside)

20-02-2025 10:45

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានព្យួរតំណែង លោក យូន សុកយុល បានក្លាយជាប្រមុខរដ្ឋកំពុងកាន់អំណាចដំបូងគេរបស់កូរ៉េខាងត្បូង ដែលត្រូវចូលរួមក្នុងសវនាការលើ សំណុំរឿងព្រហ្មទណ្ឌ ដែលបានចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈនេះ ពាក់ព័ន្ធនឹងការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក យូន មានអាយុ៦៤ឆ្នាំ និងជាអតីតរដ្ឋអាជ្ញាម្នាក់ផងនោះ បានជាប់ឃុំឃាំង ចាប់តាំងពីរូបលោកត្រូវបានឃាត់ខ្លួនកាលពីខែមករា ក្រោមបទចោទប្រកាន់នៃអំពើបះបោរ ដែលអាចឱ្យរូបលោក ប្រឈមមុខនឹងការផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត ឬរហូតដល់ត្រូវប្រហារជីវិត ប្រសិនបើតុលាការរកឃើញថាលោកពិតជាមានពិរុទ្ធភាពមែននោះ។ សវនាការលើសំណុំរឿងព្រហ្មទណ្ឌ របស់លោក យូន បានចាប់ផ្ដើមនៅម៉ោង១០ព្រឹក (ម៉ោងនៅសេអ៊ូល) នៅថ្ងៃព្រហស្បតិ៍នេះ នៅឯតុលាការក្នុងមណ្ឌលកណ្ដាលទីក្រុងសេអ៊ូល។ ជាមួយវត្តមានរបស់លោក យូន បន្ទប់សវនាការ ត្រូវបានរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ខណៈអ្នកគាំទ្រម្នាក់របស់លោក យូន បានស្លៀកពាក់សម្លៀកបំពាក់ Captain America នៅខាងក្រៅរង្វង់ការពារសន្តិសុខ។

គួរបញ្ជាក់ថា រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានចោទប្រកាន់លោក យូន ថាជាមេដឹកនាំនៃអំពើបះបោរ អំឡុងរូបលោកប្រកាសប្រើច្បាប់អាជ្ញាសឹក កាលពីដើមខែធ្នូ ឆ្នាំ២០២៤។ ប៉ុន្តែ ក្រុមមេធាវីរបស់ លោក យូន បានអះអាងថាការស៊ើបអង្កេតមិនមានភាពស្របច្បាប់តាំងតែពីការចាប់ផ្ដើម និងបានតតាំងតាមផ្លូវច្បាប់ប្រឆាំងនឹងការចោទប្រកាន់ប្រឆាំងលោក យូន ដោយសំអាងថាវាគឺស្ថិតក្នុង អំណាចរបស់លោកក្នុងនាមជាប្រមុខរដ្ឋ ដើម្បីប្រកាសប្រើច្បាប់អាជ្ញាសឹក៕