(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថាជា «ជនផ្ដាច់ការ» កាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈ ហើយថែមទាំងបានព្រមានឱ្យលោក ហ្សេលេនស្គី ចូលតុចរចាស្វែងរកសន្តិភាពឱ្យបានលឿនរហ័ស បើមិនចង់បាត់បង់ប្រទេសទាំងមូលទេនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សង្រ្គាមពាក្យសម្ដីរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី បានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិកបានអះអាងថាអ៊ុយក្រែនជាអ្នកបង្កឱ្យមានការឈ្លានពានរបស់រុស្ស៉ី កាលពីឆ្នាំ២០២២ ហើយជាការឆ្លើយតប លោក ហ្សេលេនស្គីបាននិយាយថាលោក ត្រាំ កំពុងរស់នៅក្នុងពិភពនៃព័ត៌មានក្លែងក្លាយ។ សង្រ្គាមពាក្យសម្ដីនេះដែរបានបង្កើន ការព្រួយបារម្ភនៅក្នុងចំណោមបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក​នៅអឺរ៉ុប ដែលខ្លាចថាយុទ្ធសាស្ត្ររបស់លោក ត្រាំ ដើម្បីបញ្ចប់សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៉ី អាចនឹងហុចប្រយោជន៍ឱ្យទីក្រុងមូស្គូ។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានសរសេរថា «ជាជនផ្ដាច់ការម្នាក់ដោយគ្មានការបោះឆ្នោត (លោក) ហ្សេលេនស្គី គួរតែចូលតុចរចាឱ្យបាន លឿនរហ័ស បើពុំដូច្នោះទេនឹងត្រូវប្រឈមមុខនឹងការបាត់បង់ប្រទេសទាំងមូល»។ តែជាប្រតិកម្មឆ្លើយតប រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថា គ្មាននរណាម្នាក់ អាចបង្ខំឱ្យអ៊ុយក្រែនចុះចាញ់បាននោះទេ ខណៈលោក ហ្សេលេនស្គី ក៏បានលើកឡើងជាថ្មីដែរថាគ្មានឡើយសន្តិភាព ដែលគ្មានការចូលរួមពីអ៊ុយក្រែន។

គួរបញ្ជាក់ថា អាណត្តិជាប្រធានាធិបតី ៥ឆ្នាំរបស់លោក ហ្សេលេនស្គី ត្រូវបានសន្មត់ថាបានផុតកំណត់កាលពីឆ្នាំ២០២៤ ប៉ុន្តែការបោះឆ្នោតប្រធានាធិបតី និងសភា មិនអាចធ្វើ ទៅកើតទេ ក្នុងពេលដែលអ៊ុយក្រែនកំពុងប្រើប្រាស់ច្បាប់អាជ្ញាសឹក ដែលលោក ហ្សេលេនស្គីប្រកាសដាក់ឱ្យប្រើក្នុងខែកុម្ភៈ ឆ្នាំ២០២២ ជាការឆ្លើយតបទៅនឹងការឈ្លានពានពី រុស្ស៉ី៕