(ហុងកុង)៖ ឥណ្ឌា កំពុងប្រឈមមុខនឹងការសម្រេចចិត្តមួយដែលអាចនឹងនាំទៅរកការផ្លាស់ប្ដូរអនាគតនៃវិស័យការពារជាតិរបស់ខ្លួន។ នោះគឺថាតើត្រូវជ្រើសរើសទិញយន្ដហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិក ឬក៏ត្រូវបន្តពង្រឹងទំនាក់ទំនងជាប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយទីក្រុងមូស្គូ ហើយសម្រេចចិត្តទិញយន្ដហោះចម្បាំង Su-57 ពីរុស្ស៉ី? សំណើលក់ F-35 របស់អាមេរិក នឹងក្លាយជាការបោះជំហានមួយយ៉ាងធំ នៅក្នុង ការអភិវឌ្ឍសមត្ថភាពកងទ័ពអាកាសឥណ្ឌា។ តែព្រមពេលជាមួយគ្នា ក្រុមអ្នកវិភាគយល់ថាការព្រួយបារម្ភទាំងពីសហរដ្ឋអាមេរិក និងរុស្ស៉ី អំពីលទ្ធភាពបែកធ្លាយបច្ចេកវិទ្យាយោធា អាចនឹងបង្ខំឱ្យទីក្រុងញូដេលី ត្រូវធ្វើការជ្រើសរើសថាតើចង់ទិញ F-35 ឬ Su-57?

អំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ ខែកុម្ភៈ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថាសហរដ្ឋអាមេរិកនឹងលក់យន្ដហោះចម្បាំង F-35 ឱ្យឥណ្ឌា។ ប្រសិនបើការលក់នេះពិតជាកើតឡើងពិតមែន នោះឥណ្ឌានឹងស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តមួយចំនួនតូចរបស់សហរដ្ឋអាមេរិកដែលមានប្រើយន្ដហោះចម្បាំងដ៏ទំនើបមួយនេះ។ «ចាប់ឆ្នាំនេះតទៅ យើងនឹងបង្កើនការលក់សព្វាវុធមានតម្លៃរាប់ពាន់លានដុល្លារទៅឱ្យឥណ្ឌា។ យើងក៏កំពុងត្រួសត្រាយផ្លូវផងដែរក្នុងការសម្រួលដល់ការផ្គត់ផ្គង់ F-35»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ក្នុងសន្នីសីទសារព័ត៌មានរួមគ្នាជាមួយលោក ម៉ូឌី។

លោក ត្រាំ មិនបានបង្ហើបពីកាលបរិច្ឆេទប្រគល់យន្ដហោះចម្បាំង F-35 នោះទេ តែក្រុមមន្ត្រីឥណ្ឌាបាននិយាយថាក្នុងពេលបច្ចប្បន្នអ្វីដែលលោក ត្រាំ បានប្រកាស គ្រាន់តែជាសំណើមួយប៉ុណ្ណោះ។ ក្រោយការប្រកាសរបស់លោក ត្រាំ រុស្ស៉ីកាលពីសប្ដាហ៍មុន បានប្រកាសពីបំណងលក់យន្ដហោះចម្បាំង Su-57 ដែលជាគូប្រជែងរបស់ F-35 ទៅឱ្យកងទ័ពអាកាសឥណ្ឌា។ នេះបើតាមក្រុមមន្ត្រីរុស្ស៉ី និងឥណ្ឌា ខណៈក្រុមហ៊ុនផលិតអាវុធរុស្ស៉ី Rosoboronexport បានព្រលយថាការផលិត Su-57 អាចនឹងចាប់ផ្ដើមក្នុងឆ្នាំនេះតែម្ដង ប្រសិនបើឥណ្ឌាព្រមទិញយន្ដហោះចម្បាំងនេះពីរុស្ស៉ី។ រុស្ស៉ីជាអ្នកផ្គត់ផ្គង់អាវុធដ៏ចម្បង មួយសម្រាប់ឥណ្ឌា ហើយក្នុងចំណោមអាវុធដែលឥណ្ឌាទិញពីរុស្ស៉ី រួមមានយន្ដហោះចម្បាំង Su-30MKI និងប្រព័ន្ធខែលប្រឆាំងមីស៊ីល S-400។ ក៏ប៉ុន្តែ សមត្ថភាពនាំចេញអាវុធរបស់រុស្ស៉ីបានថយចុះ ក្នុងពេល ប៉ុន្មានឆ្នាំថ្មីៗនេះដោយសារសង្រ្គាមអ៊ុយក្រែន ជាហេតុជំរុញឱ្យញូវដេលីត្រូវងាកទៅរកការទិញសព្វាវុធពីបណ្ដាប្រទេសលោកខាងលិច។ តាមរបាយការណ៍មួយរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពស្ដុកខុល (Stockholm International Peace Research Institute) ចេញផ្សាយកាលពីឆ្នាំ២០២៤ អាវុធដែលឥណ្ឌានាំចូលពីរុស្ស៉ីបានថយចុះពី ៧៦ភាគរយកាលពីឆ្នាំ២០០៩ មកនៅត្រឹម ៣៦ភាគរយក្នុងឆ្នាំ២០២៣។

លោក Olli Pekka Suorsa ជាអ្នកជំនាញយោធាម្នាក់ផ្ដោតលើសន្តិសុខ និងវិស័យការពារជាតិក្នុងតំបន់អាស៊ី បាននិយាយថាឥណ្ឌាប្រហែលជាមិនអាចទិញទាំងយន្ដហោះចម្បាំង F-35 និង Su-57 បាននោះទេ។ ពីព្រោះទាំងវ៉ាស៊ីនតោន និងមូស្គូ សុទ្ធតែមានរឿងត្រូវខ្វាយខ្វល់ដូចគ្នា ក្នុងករណីឥណ្ឌាធ្វើប្រតិបត្តិការយន្ដហោះចម្បាំងទាំង២ស៊េរីនេះ។ ក្នុងន័យនេះ ឥណ្ឌាត្រូវតែធ្វើការជ្រើសរើសថាតើចង់បាន F-35 ឬ Su-57។ លោក Suorsa បន្តថាប្រសិនបើឥណ្ឌាសម្រេចចិត្តទិញយន្ដហោះចម្បាំង Su-57 ពីរុស្ស៉ី អាមេរិកអាចនឹងដាក់ទណ្ឌកម្មលើឥណ្ឌា តាមរយៈច្បាប់ CAATSA ស្ដីពីការហាមឃាត់ការទិញអាវុធពីសត្រូវរបស់អាមេរិក។ ច្បាប់មួយនេះក៏ធ្លាប់ត្រូវបានអនុវត្តរួចហើយដែរប្រឆាំងនឹងតួកគី ដែលត្រូវបានដកចេញពីកម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំង F-35 ក្រោយទីក្រុងអង់ការ៉ា ចចែសទិញប្រព័ន្ធខែលប្រឆាំងមីស៊ីល S-400 បើទោះជា ក្រុមមន្ត្រីអាមេរិក បង្ហាញការព្រួយបារម្ភថាប្រព័ន្ធខែលមីស៊ីលរុស្ស៉ីអាចនឹងស៊ើបការណ៍ ឬប្រមូលទិន្នន័យពីយន្ដហោះចម្បាំងអាមេរិក ក៏ដោយ។ តាមលោក Suorsa «ដូចគ្នាទៅនឹងករណីតួកគីដែរ សហរដ្ឋអាមេរិក នឹងមានការស្ទាក់ស្ទើរក្នុងការចែករំលែកព័ត៌មានរសើប និងប្រព័ន្ធសម្ងាត់របស់ F-35 ជាមួយឥណ្ឌា»។ ការព្រួយបារម្ភរបស់វ៉ាស៊ីនតោន នោះគឺថា S-400 ដែលតួកគីទិញពីរុស្ស៉ីអាចនឹងស្ថិតក្រោមការបញ្ជាមួយផ្នែក ដោយអ្នកជំនាញការរុស្ស៉ី ដែលអាចនឹងប្រមូលទិន្នន័យពាក់ព័ន្ធនឹង F-35 ហើយរុស្ស៉ីក៏អាចអនុវត្តដូចគ្នានេះលើឥណ្ឌាដែរ។

លោកស្រី Kriti Upadhyaya ជាអនុប្រធានទីប្រឹក្សាយុទ្ធសាស្ត្រនៃក្រុមហ៊ុន C2Ci Inc ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយខាងវិស័យការពារជាតិសកល យល់ថាវាមិនសមហេតុផលទេ ដែលឥណ្ឌា ចំាបាច់ត្រូវទិញ ទាំងយន្ដហោះចម្បាំង F-35 និង Su-57។ ដ្បិត ក្នុងលក្ខខណ្ឌខ្លះ កងទ័ពអាកាសឥណ្ឌាត្រូវធ្វើការជ្រើសរើសយកមួយ ដើម្បីធានាឱ្យបាននូវការធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងសន្សំចៃថវិកា។ តាមលោកស្រី Upadhyaya ឥណ្ឌាបានអនុវត្តតាមគោលនយោបាយធ្វើពិពិធកម្មអ្នកផ្គត់ផ្គង់អាវុធ ស្របពេលកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើការទិញអាវុធពីរុស្ស៉ីដោយសន្សឹមៗ ខណៈបង្កើនការទិញអាវុធពី សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាអ៉ីស្រាអែល និងបារាំងជាដើម ហើយទំនោរបែបនេះនឹងត្រូវបន្តអនុវត្ត។ អ្នកជំនាញរូបនេះបន្ថែមថាបើធ្វើការប្រៀបធៀប Su-57 គឺជាប្រភេទយន្ដហោះចម្បាំងថ្មីថ្មោងពេក ដែលមិនទាន់ឆ្លងកាត់ការធ្វើតេស្ដយ៉ាងទូលំទូលាយនៅក្រៅប្រទេសរុស្ស៉ីនោះទេ។ រីឯ ឥណ្ឌាជាទម្លាប់តែងតែមានការប្រុងប្រយ័ត្នច្រើនចំពោះការទិញអាវុធដែលមិនសូវត្រូវបានធ្វើតេស្ដក្នុងប្រតិបត្តិការជាក់ស្ដែង។ ផ្ទុយទៅវិញ F-35 មានកំណត់ត្រាប្រើប្រាស់យ៉ាងទូលំទូលាយ ដោយប្រទេសដូចជាអ៉ីស្រាអែល អ៉ីតាលី ជប៉ុន ចក្រភពអង់គ្លេស អូស្ត្រាលី ដាណឺម៉ាក និងកូរ៉េខាងត្បូងសុទ្ធតែមានប្រើយន្ដហោះចម្បាំងដ៏ទំនើប មួយនេះ។ យ៉ាងណាក៏ដោយ លោកស្រីជឿថាឥណ្ឌាអាចនឹងបង្កើតបរិយាកាសធ្វើប្រតិបត្តិការដាច់ដោយឡែកពីគ្នា ជាមធ្យោបាយមួយដែលឥណ្ឌា បាន និងកំពុងប្រើដើម្បីរក្សាតុល្យភាពក្នុងទំនាក់ទំនងជាមួយ អ្នកផ្គត់ផ្គង់អាវុធផ្សេងៗគ្នារបស់ខ្លួន។

គួរបញ្ជាក់ថា បើតាមលោកស្រី Upadhyaya សំណើលក់យន្ដហោះចម្បាំង F-35 របស់លោក ត្រាំ ឱ្យឥណ្ឌា គឺមានចេតនាលើសពីចង់ជួយធ្វើបច្ចុប្បន្នភាពសមត្ថភាពយោធារបស់ឥណ្ឌា។ តែវាជាប្រយោជន៍សម្រាប់ សហរដ្ឋអាមេរិកដែលមានសម្ព័ន្ធមិត្តខ្លាំងក្លាមួយដូចជាឥណ្ឌា។ ចំណែក ការត្រួតពិនិត្យលើគោលនយោបាយអាមេរិកដើម្បីអាចលក់ F-35 ឱ្យឥណ្ឌា ជាការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់មួយ និងបង្ហាញថាតើ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងឥណ្ឌា ដើរដល់ចំណុចណា៕