(ប៉េកាំង)៖ ប៉ុន្មានថ្ងៃជាប់មកនេះ ខណៈពេលដែលភាពយន្តរឿងយុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២ ដែលជា ភាពយន្តគំនូរជីវចល ផលិតដោយ ប្រទេសចិនបាននិងកំពុងចាក់បញ្ចាំង យ៉ាងក្តៅគគុក នៅទូទាំងពិភពលោក កុមារអាយុបីឆ្នាំក្នុងទេវកថាបុរាណចិននេះ បានបណ្តាលឱ្យប្រព័ន្ធសារព័ត៌មានបរទេស មានការពិភាក្សាយ៉ាងសកម្ម។ យប់ថ្ងៃទី១៧ខែកុម្ភៈ កំណត់ត្រាថ្មីបានប្រសូតឡើង៖ ប្រាក់ចំណូលមកពីការលក់សំបុត្រភាពយន្តរឿងយុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២ នៅទូទាំងពិភពលោកបានលើស ពី១ម៉ឺន២ពាន់១រយ២៣លានយាន់ប្រាក់ចិន ដែលឈរនៅលេខរៀង៩ខាងមុខ នៃតារាងទំហំលក់សំបុត្រភាពយន្ត ក្នុងប្រវត្តិសាស្ត្រភាពយន្តទូទាំងពិភពលោក។
នៅប្រទេសចិន ឈ្មោះណាចាត្រូវបានប្រជាជនចិន ក្មេងចាស់គ្រប់ក្រុមគ្រួសារស្គាល់។ កុមារនេះមិនត្រឹមតែជាតួអង្គ ក្នុងរឿងទេវកថា ដែលមានស្មារតីអង់អាចក្លាហាន និងមានសមត្ថភាពខ្លាំងពូកែប៉ុណ្ណោះទេ ថែមទាំងក៏ជាតារាល្បី ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងចំណោមប្រជាជនចិនផងដែរ។ ចាប់ពីបានចាក់បញ្ចាំងកាលពីថ្ងៃទី២៩ ខែមករាឆ្នាំនេះមក ភាពយន្តរឿងយុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២បានបង្កើត “លើកដំបូង”ជាច្រើន ពោលគឺត្រឹមតែ៨ថ្ងៃ និង៥ម៉ោងប៉ុណ្ណោះក៏បានឈរនៅលេខរៀងទីមួយ ក្នុងតារាងទំហំលក់សំបុត្រភាពយន្តក្នុងប្រវត្តិសាស្ត្រភាពយន្តចិន ក្លាយជាជើងឯកក្នុងតារាងទំហំលក់ សំបុត្រភាពយន្តក្នុងទីផ្សារភាពយន្តតែមួយលើទូទាំងពិភពលោក និងកាន់លំដាប់ថ្នាក់ទីពីរលើ តារាងទំហំលក់សំបុត្រភាពយន្តគំនូរជីវចលសកល ដែលក្នុងនាមជា”ភាពយន្តតែមួយគត់ដែលមិនមែនផលិតដោយ Hollywood”។ល។
ប៉ុន្មានថ្ងៃកន្លងទៅនេះ អត្រាចូលទស្សនាភាពយន្តនេះ ក្នុងទីផ្សារបរទេសដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់ជាដើម បានលើសពី៩០ភាគរយ ដែលពិបាករកទិញសំបុត្របានណាស់។ ភាពយន្តនេះទទួលបាន ពិន្ទុខ្ពស់៨,៣លើវេបសាយ IMDB ដែលជាវេបសាយដ៏ល្បីឈ្មោះអន្តរជាតិ សម្រាប់វាយតម្លៃភាពយន្តនិងទូរទស្សន៍ ហើយអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតកាន់តែច្រើនឡើងៗ បានពិភាក្សាយ៉ាងសកម្មអំពីកុមារទេពដ៏អស្ចារ្យ លើបណ្តាញទំនាក់ទំនងសង្គម រហូតដល់ចាប់ផ្តើមរៀនសូត្រវប្បធម៌ប្រពៃណីចិនដោយម្ចាស់ការ។ល។
ហេតុអ្វីបានជាភាពយន្តរឿងយុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២ ត្រូវបានពេញនិយមយ៉ាងខ្លាំងនៅទូទាំងពិភពលោក? មូលហេតុសំខាន់គឺដោយសារវាមានខ្លឹមសារល្អ។ បើមើលពី រឿងភាពយន្តនេះ ក៏ដូចគ្នានឹងល្បែ ង«Black Myth: Wukong» របស់ចិនដែលទទួលប្រជាប្រិយភាពយ៉ាងខ្លាំងនៅពេលមុននេះដែរ ភាពយន្តណាចាវគ្គ២ បានកែលម្អតួអង្គទេវកថាបុរាណ តាមសម័យទំនើប ដែលបង្ហាញពីរូបភាពវីរបុរស ដែលតស៊ូយ៉ាងស្វិតស្វាញមិនចេះចុះចាញ់ជាដរាប បានធ្វើឱ្យទូទាំងពិភពលោក សុទ្ធតែអាចស្វែងយល់បាន។ តាមការផ្សាយដំណឹង នៃទីភ្នាក់ងារសារព័ត៌មាន Reuters ឱ្យដឹងថា ការទទួលប្រជាប្រិយភាព នៃភាពយន្តណាចាវគ្គ២បានបញ្ជាក់ពី កម្លាំងទាក់ទាញដ៏ខ្លាំងក្លានៃ IP របស់ចិន។
បើមើលពីការផលិតភាពយន្តនេះ បន្ទាប់ពីការផលិតយ៉ាងម៉ត់ចត់អស់រយៈពេល៥ឆ្នាំ ប្លង់កាមេរ៉ាប្រកបដោយប្រសិទ្ធភាព ពិសេសជិត២០០០ និងការផលិតយ៉ាងសម្រិតសម្រាំងនូវធាតុផ្សំ ដែលមានប្រសិទ្ធភាពពិសេសចំនួនលើសពី១ម៉ឺន ធ្វើឱ្យភាពយន្តគំនូរជីវចលចិនសម្រេចបាននូវការប្រែពី “ការនាំចូលបច្ចេកវិទ្យា” ដល់ “ការនាំចេញស្តង់ដារ” ដែលធ្វើឱ្យមជ្ឈដ្ឋានភាពយន្តភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ព្រមពេលជាមួយគ្នានេះ ភាពយន្តបង្ហាញពីមនោសញ្ចេតនាសមាជិកគ្រួសារនិងចំណងមិត្តភាព ព្រមទាំងស្មារតីអង់អាចក្លាហាន ដែលតួអង្គសំខាន់ការពារស្រុកកំណើតដោយស្ម័គ្រចិត្ត គឺស៊ីសង្វាក់គ្នាជាមួយ មនោសញ្ចេតនារួមរបស់មនុស្សជាតិ ដែលធ្វើឱ្យទស្សនិកជន នៃប្រទេសផ្សេងៗគ្នារំភើបចិត្តយ៉ាងខ្លាំង ។ លោកស្រី Sheila Sofian និងលោកស្រី Alan Erasov ដែលជាសមាជិកគណៈកម្មាធិការជ្រើសរើសពានរង្វាន់ Oscars ខាងភាពយន្តគំនូរជីវចលបានលើកឡើង បន្ទាប់ពី បានមើលភាពយន្តណាចាវគ្គ២ថា ក្នុងភាពយន្តនេះមានរឿងជាច្រើន គឺគួរឱ្យរំភើបចិត្តណាស់ ដែលមានការគិតគូរ ខាងទស្សនវិជ្ជា ពួកគេបានសម្តែងការឯកភាពគ្នានិងរំភើបចិត្ត ចំពោះមនោសញ្ចេតនាដ៏សម្បូរបែប និងទស្សនៈគុណតម្លៃក្នុងភាពយន្តនេះ ។ នេះក៏បានបញ្ជាក់ដែរថា មនោសញ្ចេតនារបស់មនុស្សជាតិ គឺមានទំនាក់ទំនងគ្នាទៅវិញទៅមក ដែលគ្មានព្រំដែន និងភាពខុសគ្នានៃវប្បធម៌នោះទេ ក៏ដូចជាអាចជំរុញការឈ្វេងយល់គ្នា និងផ្លាស់ប្តូរគ្នាទៅវិញទៅមក។
ឆ្នាំនេះជាខួបទី១២០នៃការប្រសូតបង្កើតនៃភាពយន្តចិន ហើយក៏ជាខួបទី១៣០នៃការប្រសូតបង្កើតនៃភាពយន្តពិភពលោកដែរ ។ ទន្ទឹមនឹងភាពយន្ត “ណាចា” ដើរចេញពីប្រទេសចិន ទៅកាន់ផ្ទៃអន្តរជាតិ វាមិនត្រឹមតែបានបង្ហាញទៅកាន់ពិភពលោក អំពីវប្បធម៌ប្រពៃណីដ៏ល្អផូរផង់នៃប្រជាជាតិចិនប៉ុណ្ណោះទេ ថែមទាំងក៏បានកសាងស្ពានថ្មី សម្រាប់ការផ្លាស់ប្តូររវាង អរិយធម៌ទីទៃគ្នាដែរ ។ អាចរំពឹងថា ទន្ទឹមនឹងប្រទេសចិនលេចចេញភាពយន្តល្អៗកាន់តែច្រើនឡើងៗ ពិភពលោកនឹងឈ្វេងយល់ កាន់តែច្បាស់ចំពោះប្រទេសចិនដ៏ពិតប្រាកដ ដោយគ្រប់ជ្រុងជ្រោយ៕
វិទ្យុមិត្តភាពកម្ពុជាចិន