(ប៉េកាំង)៖ ទំនាក់ទំនងចិន-អាមេរិកគឺជាទំនាក់ទំនងទ្វេភាគី ដែលមានសារៈសំខាន់ជាងគេបំផុតរបស់ពិភពលោក។ ការវិលត្រឡប់មក កាន់សេតវិមានសាជាថ្មីជាលើកទី២ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមាននិន្នាការប្រកាន់យក “គោលនយោបាយអាមេរិកដំបូង” និង “គោលនយោបាយគាំពារនិយម” បានបង្កឱ្យ មានការព្រួយបារម្ភ និងការវិភាគផ្សេងៗគ្នា ចំពោះអនាគតនៃទំនាក់ទំនងរវាងមហាអំណាចទាំងពីរ។
យ៉ាងណាមិញ អ្វីដែលជាវឌ្ឍនភាពវិជ្ជមានក្នុងទំនាក់ទំនងចិន-អាមេរិកនោះគឺ ការរក្សានូវការប្រាស្រ័យទាក់ទងគ្នាកម្រិតខ្ពស់ ជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលនេះគឺជាសញ្ញាវិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគី។ ជាក់ស្តែង ជំនួបតាមប្រព័ន្ធទូរស័ព្ទរវាងប្រធានរដ្ឋចិន ស៊ី ជីនពីង និងប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ក៏ដូចជារវាងប្រមុខការទូត នៃប្រទេសទាំងពីរ បានក្លាយទៅជាកត្តាកំណត់ស្ថិរភាព (stabilizer) ក្នុងទំនាក់ទំនងទ្វេភាគីចិន-អាមេរិក យ៉ាងហោចណាស់ ក្នុងពេលបច្ចុប្បន្ន ។ ទោះបីជាមានភាពខុសគ្នាមួយចំនួន ភាគីទាំងពីរបានបង្ហាញពីឆន្ទៈរួម ក្នុងការរក្សាកិច្ចសន្ទនាដោយបើកចំហ និងបន្តធ្វើការជាមួយគ្នា ដើម្បីនាំមកនូវប្រយោជន៍ទៅវិញទៅមក និងសន្តិភាពសម្រាប់ពិភពលោក ដែលនេះជាចំណុច ចាប់ផ្តើមល្អមួយ ក្នុងយុគសម័យថ្មីនៃទំនាក់ទំនងចិន-អាមេរិក។
មិនថាស្ថានការណ៍ពិភពលោក មានការប្រែប្រួលយ៉ាងណា រដ្ឋាភិបាលចិនក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យ របស់ប្រធានរដ្ឋចិន ស៊ី ជីនពីង តែងតែចង់មើលឃើញមហាអំណាចទាំងពី រក្លាយជាដៃគូ និងមិត្តភក្តិ ដែលអាចរួមចំណែកដល់ ភាពជោគជ័យរបស់គ្នាទៅវិញទៅមក។ ការណ៍ដែលរដ្ឋាភិបាលចិន បានចាត់តំណាងជាន់ខ្ពស់ថ្នាក់អនុប្រធានាធិបតី ចូលរួមក្នុងពិធីស្បថការឡើងកាន់តំណែងជា ប្រធានាធិបតីរបស់លោកត្រាំជាលើកដំបូងក្នុងប្រវត្តិសាស្ត្រចិន គឺជាសាក្ខីភាព ដែលឆ្លុះបញ្ចាំងឱ្យការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រដ្ឋាភិបាលចិន ចំពោះទំនាក់ទំនងទ្វេភាគីចិន-អាមេរិក។
តាមពិតទៅ ពិភពលោកលោកនេះមានទំហំធំល្មមសម្រាប់ចិន និងអាមេរិក ក្នុងការស្វែងរកឱកាសកិច្ចសហប្រតិបត្តិការ និងបន្តគោលនយោបាយមេត្រីភាព ដែលនឹងរួមចំណែកដល់ស្ថិរភាព សន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកទាំងមូល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសទាំងពីរបានសម្រេចសមិទ្ធផលច្រើន ក្នុងទំនាក់ទំនងទ្វេភាគី ដែលក្នុងនោះ រួមមានការរៀបចំ កិច្ចពិភាក្សាយុទ្ធសាស្ត្រ កិច្ចប្រជុំសេដ្ឋកិច្ច-ហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀន និងគំនិតផ្តួចផ្តើមអាកាសធាតុ។
ក្រៅពីនេះ ភាគីទាំងពីរក៏បានចាប់ផ្តើមឡើងវិញ នូវកិច្ចព្រមព្រៀងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងគំាទ្រគ្នាទៅវិញទៅមកលើ សេចក្តីសម្រេចចិត្តរបស់មហាសន្និបាត អង្គការសហប្រជាជាតិស្តីពី “បញ្ញាសិប្បនិម្មិត” កាលពីឆ្នាំ២០២៤។ បច្ចុប្បន្ន ក្រុមហ៊ុនអាមេរិកជាង ៧០ ម៉ឺន កំពុងដំណើរការនៅក្នុងប្រទេសចិន ដែលបង្កើតប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ៥០ ប៊ីលានដុល្លារអាមេរិក ខណៈដែលការនាំចេញពីអាមេរិកទៅចិនបានបង្កើតការងារជិត ១ លានកន្លែងជូនពលរដ្ឋអាមេរិក។ ក្រោមគំនិតផ្តួចផ្តើម "៥០ ម៉ឺនក្នុងរយៈពេលប្រាំឆ្នាំ" ប្រទេសចិនបានស្វាគមន៍យុវជនអាមេរិកជិត ១៥ ម៉ឺននាក់ ដើម្បីជំរុញមិត្តភាព និងការយល់ដឹងទៅវិញទៅមក។ សមិទ្ធផលទាំងនេះគឺជាតឹកតាងបង្ហាញថា នៅពេលដែលចិន និងអាមេរិកធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នា ប្រទេសទាំងពីរនឹងទទួលបានផលចំណេញច្រើនជាងពេលប្រឈមមុខដាក់គ្នា ដែលនេះផ្ទុយទាំងស្រុងពីទស្សនៈ “ផលបូកសូន្យ”។
ទោះបីជាយ៉ាងនេះក្តី អ្វីដែលគួរឱ្យព្រួយបារម្ភណ៍នោះគឺឥរិយាបថ ដែលមិនអាចទស្សន៍ទាយបានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។ អ្វីដែលលោកនិយាយថ្ងៃនេះ អាចនឹងប្រែប្រួលនៅថ្ងៃស្អែក ពោលគឺ លោកអាចដាក់ចេញវិធានការនានា ក្រោមលេសថា ការពារផលប្រយោជន៍ និងសន្តិសុខអាមេរិក ដែលការណ៍នេះអាចនឹងគំរាមកំហែងដល់ ស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិកគ្រប់ពេលវេលា។
ជាក់ស្តែង រដ្ឋាភិបាលអាមេរិកបានអនុម័តបន្ថែម អត្រាពន្ធគយ ១០% លើការនាំចូលទំនិញរបស់ចិនទាំងអស់ ដែលបានចូលជាធរមានកាលពីដើមខែកុម្ភៈនេះ ព្រមទាំងតម្លើងពន្ធបន្ថែម ២៥% ដាច់ដោយឡែកលើការនាំចូលដែកថែប និងអាលុយមីញ៉ូម។ សូម្បីប្រទេសជិតខាងដូចជាកាណាដា និងម៉ិចស៊ិក ក៏អាមេរិកបានគំរាមប្រើប្រាស់របាំងពន្ធគយជា ឧបករណ៍បម្រើឱ្យគោលនយោបាយខ្លួនដែរ។
ចំណាត់ការនេះត្រូវបានមើលឃើញថា ជាការដើរប្រាសចាកពីគន្លងនៃពាណិជ្ជកម្មសេរី ដែលនឹងមិនត្រឹមតែប៉ះពាល់ដល់ ទំនាក់ទំនងទ្វេភាគីចិន-អាមេរិកទេ តែថែមទាំងមិនអំណោយផល ដល់សេដ្ឋកិច្ច អាមេរិកដែរ។ គ្នាននរណាម្នាក់នឹងក្លាយទៅជា អ្នកឈ្នះពិតប្រាកដក្នុងល្បែងពន្ធគយទេ។ មានតែការគោរពគ្នាទៅវិញទៅមក ការប្រកាន់ខ្ជាប់គោលការណ៍សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ទើបធ្វើឱ្យមហាអំណាចទាំងពីរអាចក្លាយទៅជាមិត្ត និងធ្វើការរួមគ្នាដើម្បីដោះស្រាយ ភាពខុសប្លែកគ្នា និងនាំមកស្ថិរភាព សន្តិភាព និងវិបុលភាព ដល់ពិភពលោក។
ការតម្លើងអត្រាពន្ធគយមិនអាចដោះស្រាយបញ្ហាបានឡើយ ក្រៅតែពីនាំមកនូវភាពតានតឹងសាជាថ្មីម្តងទៀត ដល់ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ហើយអ្នកដែលរងគ្រោះពិតប្រាកដគឺជាប្រជាពលរដ្ឋ ដែលនឹងប្រឈមមុខនឹង ការកើនឡើង នៃអត្រាអតិផរណា និងនិកម្មភាព។
សរុបមកវិញ ខណៈមហាអំណាចទាំងពីរហាក់បង្ហាញសញ្ញាវិជ្ជមាន សម្រាប់ការបើកចំហចំពោះកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាខុសគ្នា និងធ្វើការរួមគ្នាដើម្បីផលប្រយោជន៍រួម ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នូវគោលនយោបាយរបស់លោកត្រាំ ដែលគ្មាននរណាម្នាក់អាចទស្សន៍ទាយទុកជាមុនបាន អាចនឹងនាំមកនូវហានិភ័យ គ្រប់ពេលវេលាដល់ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។មានតែការគោរពគ្នាទៅវិញទៅមក ការប្រកាន់ខ្ជាប់ គោលការណ៍សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះប៉ុណ្ណោះ ដែលអាចធានាស្ថិរភាពចិន-អាមេរិកនៅពេលអនាគត។
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា