Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថៃ បដិសេធពាក្យចរចាមអារ៉ាមថាស្រុក Pai ជាកន្លែងតាំងទីលំនៅថ្មីរបស់ជនជាតិអ៉ីស្រាអែល ចំពេលមានវិវាទរវាងអ្នកស្រុក និងជនបរទេស (Video inside)

19-02-2025 16:28

(បាងកក)៖ ប្រទេសថៃ បានបដិសេធពាក្យចចាមអារ៉ាមតាមអនឡាញ ដែលថាស្រុកមួយនៅភាគខាងជើងប្រទេស ជាកន្លែងតាំងលំនៅ សម្រាប់ជនជាតិអ៉ីស្រាអែលជាង ៣០ ០០០នាក់ ចំពេលមានភាពតានតឹងរវាងសហគមន៍ក្នុងស្រុក និងជនបរទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥។

កាសែតបាងកកប៉ុស្ត បានដកស្រង់សម្តីនាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra ដែលនិយាយកាលពីថ្ងៃអង្គារ នៅពេលត្រូវបានសួរថាតើស្រុក Pai កំពុងក្លាយជា «ទឹកដីនៃក្តីសុបិន្ត» សម្រាប់ប្រជាជនអ៉ីស្រាអែលឬ? លោកស្រីឆ្លើយថា «យើងបានបញ្ជាក់រួចហើយ ថាវាមិនមែនជាការពិតទេ»។ លោកស្រីបន្ថែមថា «នៅសប្តាហ៍ក្រោយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul នឹងចុះទៅមើលជាក់ស្តែងនូវអ្វីដែលកំពុងកើតឡើងនៅទីនោះ»។

គួរបញ្ជាក់ថា ស្រុក Pai ស្ថិតនៅក្នុងខេត្ត Mae Hong Son ចម្ងាយប្រហែល ១៣០គីឡូម៉ែត្រ និងត្រូវធ្វើដំណើរ ៣ម៉ោង ពីភាគពាយព្យនៃទីប្រជុំជនខេត្តឈៀងម៉ៃ។ ថ្មីៗនេះ មានការបង្ហោះដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយសារព័ត៌មាន The Nation ក៏បានចោទប្រកាន់ថា ជនជាតិអ៉ីស្រាអែលប្រហែល ៣០ ០០០នាក់បានតាំងទីលំនៅ ក្នុងស្រុក Pai និងបានសាងសង់ផ្ទះប្រពៃណីជនជាតិជ្វីហ្វ ឬ Chabad House ទៀតផង។ តាម The Nation ស្ថិតិឆ្នាំ ២០២៤ បង្ហាញថាស្រុក Pai មានភ្ញៀវទេសចរបរទេសចំនួន ២២១ ៧៧៦នាក់ ក្នុងនោះជនជាតិអ៉ីស្រាអែលជាប់ចំណាត់ថ្នាក់លេខ ២ គឺចំនួន ៣១ ៧៣៥នាក់៕