បេសកជនទទួលបន្ទុកបញ្ហាអ៊ុយក្រែន របស់លោក ត្រាំ ធ្វើដំណើរទៅដល់ទីក្រុងកៀវ (Video inside)
19-02-2025 16:15
(កៀវ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ុយក្រែន បានរាយការណ៍ថា ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ ទីក្រុងកៀវ នាថ្ងៃពុធនេះ ដើម្បីជួបជាមួយក្រុមមន្រ្តីអ៊ុយក្រែន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។
ឃ្លីបវីដេអូចេញផ្សាយដោយសារព័ត៌មានអ៊ុយក្រែន Suspilne បានបង្ហាញឱ្យឃើញ បេសកជនពិសេសអាមេរិក លោក Keith Kellogg ធ្វើដំណើរទៅដល់រដ្ឋធានីកៀវរបស់អ៊ុយក្រែន តាមរយៈរថភ្លើង ហើយត្រូវបានទទួលស្វាគមន៍ដោយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន លោកស្រី Bridget Brink។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើ គឺជាទស្សនកិច្ចដែលត្រូវបានគ្រោងទុកជាមុន ហើយវាកើតឡើង បន្ទាប់ពីក្រុមមន្រ្តីអាមេរិក និងក្រុមមន្រ្តីរុស្ស៉ី ដឹកនាំដោយរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ បានជួបមុខគ្នាបើកកិច្ចប្រជុំ នៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ ដើម្បីជជែកអំពីសង្រ្គាមអ៊ុយក្រែន ប៉ុន្តែអ៊ុយក្រែន មិនត្រូវបានអញ្ជើញឱ្យចូលរួម កិច្ចពិភាក្សានោះទេ៕