(ហាណូយ)៖ នាថ្ងៃពុធ ទី១៩ ខែកុម្ភៈ សភាវៀតណាមបានអនុម័តផែនការគិតជាទឹកប្រាក់ ៨ពាន់លានដុល្លារ សម្រាប់គម្រោងផ្លូវដែក តភ្ជាប់ពីទីក្រុងកំពង់ផែភាគខាងជើងទៅកាន់ព្រំដែនចិន ដែលនឹងធ្វើឱ្យទំនាក់ទំនង ក៏ដូចជាការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កាន់តែមានភាពងាយស្រួល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ខ្សែផ្លូវរថភ្លើងថ្មី នឹងដំណើរការដោយឆ្លងកាត់មជ្ឈមណ្ឌលផលិតកម្មសំខាន់ៗរបស់វៀតណាម ដូចជា Samsung, Foxconn, Pegatron និងក្រុមហ៊ុនយក្សសកលផ្សេងទៀត ដែលភាគច្រើនពឹងផ្អែកលើ សមាសធាតុផលិតមកពីចិន។ ផ្លូវនេះ លាតសន្ធឹងប្រវែង ៣៩០គីឡូម៉ែត្រពីទីក្រុងកំពង់ផែ Haiphong ទៅកាន់ទីក្រុងភ្នំ Lao Cai ដែលមានព្រំប្រទល់ជាប់ខេត្ត Yunnan ប្រទេសចិន ហើយនឹងរត់កាត់រដ្ឋធានីហាណូយផងដែរ។ ចិន នឹងផ្តល់មូលនិធិជាប្រាក់កម្ចីសម្រាប់គម្រោង ដែលត្រូវបានគេរំពឹងថា នឹងចំណាយអស់ជាង ៨ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា ការអនុម័តរបស់សភាវៀតណាម បានធ្វើឡើងក្នុងរយៈពេលជាងមួយឆ្នាំ បន្ទាប់ពីប្រទេសជិតខាងទាំងពីរនេះ សន្យាធ្វើឱ្យទំនាក់ទំនងកាន់តែស៉ីជម្រៅ អំឡុងពេលប្រធានាធិបតីចិន លោក ស៉ី ជីនពីង ធ្វើដំណើរទស្សនកិច្ចនៅវៀតណាម និងនៅខណៈដែលទីក្រុងប៉េកាំង ស្វែងរកការប្រឆាំងនឹងការកើនឡើងឥទ្ធិពល របស់សហរដ្ឋអាមេរិក ជាមួយទីក្រុងហាណូយ៕