(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ ចាប់ផ្ដើមបន្ធូរបន្ថយភាពតានតឹងជាមួយ សហរដ្ឋអាមេរិកតាមរយៈការបកស្រាយឡើងវិញ ពាក់ព័ន្ធនឹងការផ្តាច់ខ្លួនពីទីក្រុងវ៉ាស៊ីនតោន ដែលលោកផ្ទាល់បានលើកឡើង នៅក្នុងឱកាសបំពេញដំណើរទស្សនកិច្ច ក្នុងទីក្រុងប៉េកំាងប្រទេសចិន មុននឹងផ្ដើមធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃអង្គារនេះ ទៅកាន់ប្រទេសជប៉ុនដែលកំពុង ព្រួយបារម្ភក្រែងលោហ្វីលីពីន ដើរចេញពីសហរដ្ឋអាមេរិក រួចងាកទៅរកចិនមែន។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៦។
យោងតាមសារព័ត៌មានជប៉ុន Kyodo លោក ឌូធើតេ បានគូសបញ្ជាក់ថា «វាគ្មានអ្វីគួរឱ្យបារម្ភនោះទេអំពីការ ផ្លាស់ប្ដូរសម្ព័ន្ធភាពព្រោះថាខ្ញុំមិនត្រូវការសម្ព័ន្ធភាពជាមួយប្រជាជាតិដទៃទៀតទេ។ ម្យ៉ាងទៀតកាលដែល ខ្ញុំនិយាយថាចែកផ្លូវគ្នាជាមួយសហរដ្ឋអាមេរិក គ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ ពោលគឺមិនមែន ជាការនិយាយក្នុងនាមតំណាងឱ្យរដ្ឋាភិបាលហ្វីលីពីននោះទេ»។
យ៉ាងណាក៏ដោយកាសែតជប៉ុន The Yomiuri newspaper បានរាយការណ៍ថា លោក ឌូធើតេ នៅតែប្រកាន់ជំហរចង់បញ្ឈប់ការធ្វើសមយុទ្ធ យោធារួមគ្នាជាមួយសហរដ្ឋអាមេរិក ព្រមទំាងបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា ដែលជាផែនការដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់អាស៊ី ប្រឈមមុខនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិន។
គួរបញ្ជាក់ថា លោកឌូធើតេ នឹងផ្ដើមធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃទៅកាន់ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ ហើយបើតាមគំរោងលោកនឹងជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ នៅថ្ងៃ ពុធ ស្អែកនេះ ខណៈដែលប្រជាជាតិជប៉ុនទាំងមូលមានការចាប់អារម្មណ៍ចំពោះលោក ឌូធើតេ តាមរយៈការ ចុះផ្សាយព័ត៌មានតាមកាសែតនិងទូរទស្សន៍ស្ទើរមិនលោះថ្ងៃឡើយ៕